ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ ភ្ជាប់ជាមួយការសន្យាពង្រឹងទំនាក់ទំនង

BY
Khmerpress
August 15, 2023
លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ ភ្ជាប់ជាមួយការសន្យាពង្រឹងទំនាក់ទំនង

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រនៅថ្ងៃអង្គារ ទី១៥ ខែសីហា នេះ អមជាមួយការសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការឆ្លើយឆ្លងសំបុត្រខាងលើធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពី អាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) ដែលនៅកូរ៉េខាងត្បូងក៏ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិមួយផងដែរ។ នៅក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថាទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៉ី ត្រូវបានបង្កើតឡើងនៅក្នុងសង្រ្គាមលោកលើកទី២ ជាមួយជ័យជម្នះលើជប៉ុន។

លោក គីម បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងរឹងមាំថាទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព…នឹងត្រូវបានអភិវឌ្ឍបន្ថែមឆ្ពោះទៅកាន់ភាពជា ដៃគូយុទ្ធសាស្ត្រយូរអង្វែង ស្របទៅតាមតម្រូវការនៃយុគសម័យថ្មី។ ប្រទេសទាំង២ នឹងទទួលបានជ័យជម្នះជារៀងរហូត ក៏ដូចជាគាំទ្រពេញទំហឹង និងធ្វើកិច្ច សហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក នៅក្នុងទិសដៅសម្រេចឱ្យបាននូវគោលដៅ និងបុព្វហេតុរួម»។

គួរបញ្ជាក់ថា​ ជាការឆ្លើយតបនឹងលោក គីម លោក ពូទីន ក៏បានសន្យាដែរថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ សម្រាប់សុខមាភាពនៃប្រជាជនប្រទេសទាំង២ និងស្ថិរភាព ព្រមទាំងសន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសានទាំងមូល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: