ព័ត៌មានអន្តរជាតិ

តុលាការម៉ាឡេស៉ី លុបចោលការចោទប្រកាន់ពីបទរំលោភអំណាច​ ប្រឆាំងលើអតីតនាយករដ្ឋមន្រ្តី លោក Muhyiddin Yassin

BY
Khmerpress
August 15, 2023
តុលាការម៉ាឡេស៉ី លុបចោលការចោទប្រកាន់ពីបទរំលោភអំណាច​ ប្រឆាំងលើអតីតនាយករដ្ឋមន្រ្តី លោក Muhyiddin Yassin

(គូឡាឡាំពួ)៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋម៉ាឡេស៉ី Bernama បានរាយការណ៍ថា នាថ្ងៃអង្គារនេះ តុលាការបានសម្រេចបានលុបចោល នូវបទចោទប្រកាន់ទាំងប៉ុន្មាន ដែលពាក់ព័ន្ធនឹងការរំលោភអំណាច ប្រឆាំងលើលោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) ដែលជាមេដឹកនាំក្រុមប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក Muhyiddin ដែលធ្លាប់ដឹកនាំប្រទេសម៉ាឡេស៉ីបានរយៈពេល១៧ខែ នៅចន្លោះឆ្នាំ២០២០-២០២១ ត្រូវបានចោទប្រកាន់កាលពី​ខែមីនា ឆ្នាំនេះ ពីបទរំលោភអំណាចចំនួន៤ករណី។​ យ៉ាងណាមិញ នាពេលនេះ តុលាការជាន់ខ្ពស់នៅទីក្រុងគូឡាឡាំពួ បានសម្រេចថា ការចោទប្រកាន់ទាំងនោះ គឺមិនមានមូលដ្ឋានរឹងមាំគ្រប់គ្រាន់ទេ។

ដោយឡែក អតីតនាយករដ្ឋមន្រ្តីវ័យ៧៦ឆ្នាំរូបនេះ ក៏នៅជាប់ការចោទប្រកាន់២ករណីផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ លោករងការចោទប្រកាន់ថា បានទទួលសំណូកជាប្រាក់ចំនួន២៣២.៥លានរីងហ្គីត ឬស្មើនឹង៥០.២៤លានដុល្លារ។ លោក Muhyiddin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្ត របស់តុលាការនាថ្ងៃនេះ ស្តែងឱ្យឃើញថាការចោទប្រកាន់នានាមកលើរូបលោក គឺគ្មានការពិតហើយលោកមិនបានប្រព្រឹត្តអំពើខុសច្បាប់ឡើយ។

គួរបញ្ជាក់ថា លោក Muhyiddin និងគណបក្សរបស់លោក បានប្រឈមមុខនឹងការស៉ើបអង្កេតអំពើពុករលួយ ចាប់តាំងតែពីទទួលបរាជ័យក្នុងការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គណនីធនាគាររបស់គណបក្សលោកត្រូវបានគេបង្កក ហើយថ្នាក់ដឹកនាំ២រូប ត្រូវបានចោទប្រកាន់ពីបទស៉ីសំណូក។ លោក Muhyiddin ដែលបច្ចុប្បន្នជាប់បម្រាមមិនអាចចាកចេញពីប្រទេស បានចោទលោក នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីមប្រាហ៉ីម (Anwar Ibrahim) អំពីការធ្វើសកម្មភាពសងសឹកផ្នែកនយោបាយ ប៉ុន្តែលោក អាន់វ៉ា បានច្រានចោលការចោទនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: