ព័ត៌មានអន្តរជាតិ

ក្រុមចោរមួយក្រុម បានចូលលួចទំនិញជាច្រើនមុខបើគិតជាតម្លៃ ៣០០,០០០ដុល្លាអាមេរិក ពីផ្សារទំនើបមួយនៃទីក្រុងLos Angeles

BY
Khmerpress
August 16, 2023
ក្រុមចោរមួយក្រុម បានចូលលួចទំនិញជាច្រើនមុខបើគិតជាតម្លៃ ៣០០,០០០ដុល្លាអាមេរិក ពីផ្សារទំនើបមួយនៃទីក្រុងLos Angeles

(កាលីហ្វ័រញ៉ា)៖ ប៉ូលីសរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា ឧក្រិដ្ឋជនមួយក្រុមបានលួចទំនិញជាច្រើនមុខ ដែលបើគិតជាតម្លៃរហូតដល់ ៣០០,០០០ដុល្លារពីផ្សារទំនើបមួយ ក្រុង Los Angeles កាលពីរសៀលថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

ប៉ូលីសទីក្រុង Los Angeles បានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សមួយក្រុមបានចូលទៅក្នុងហាង Nordstrom នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Westfield Topanga នៃទីក្រុង Los Angeles នៅម៉ោងប្រហែល ៤រសៀល ដោយបានលួចកាបូបយួរដៃ សំលៀកបំពាក់ទំនើបៗ និងរបស់របរផ្សេងទៀតដែលអាចលក់បន្តបាន ក្នុងតម្លៃជាង ៣០០,០០០ដុល្លាអាមេរិក។

ប៉ូលីសបានសង្កត់ធ្ងន់ថា «ចំពោះឧក្រិដ្ឋជន វាគ្រាន់តែជាការលួចទ្រព្យសម្បត្តិប៉ុណ្ណោះ។ ប៉ុន្តែចំពោះអ្នកដែលរស់នៅក្នុងតំបន់នេះ និងគាំទ្រផ្សារទំនើប Westfield​​ Topanga វិញ វាជាការបាត់បង់នូវអារម្មណ៍សុវត្ថិភាព»

អភិបាលក្រុង Los Angeles លោក Karen Bass បានថ្កោលទោសចំពោះការលួចនេះ ដោយនិយាយថា «អ្វីដែលបានកើតឡើងនៅហាង Nordstrom គឺពិតជាមិនអាចទទួលយកបានទេ។ អ្នកដែលបានប្រព្រឹត្តិអំពើនេះត្រូវតែទទួលខុសត្រូវ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: