ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក៖ អ្នកបាត់បង់ជីវិតក្នុងភ្លើងឆេះព្រៃ នៅហាវ៉ៃ កើនលើស ១០០នាក់

BY
Khmerpress
August 16, 2023
សហរដ្ឋអាមេរិក៖ អ្នកបាត់បង់ជីវិតក្នុងភ្លើងឆេះព្រៃ នៅហាវ៉ៃ កើនលើស ១០០នាក់

(ហាវ៉ៃ, សហរដ្ឋអាមេរិក)៖ អភិបាលរដ្ឋហាវ៉ៃ (Hawaii) បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ប្រល័យដែលបានបំផ្លិចបំផ្លាញទីក្រុងមួយនៃរដ្ឋហាវ៉ៃ បានកើនលើស ១០០នាក់ហើយគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមពេលនេះ (ថ្ងៃអង្គារ) មនុស្ស១០១នាក់ហើយបានបាត់បង់ជីវិត បន្ទាប់ពីសាកសព មនុស្ស ២នាក់ត្រូវបានរកឃើញ»។ ប៉ុន្តែ លោក Green បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈតួលេខអ្នកស្លាប់នេះដែរបានធ្វើឱ្យភ្លើងឆេះ ព្រៃដែលបានឆាបឆេះកាលពីសប្ដាហ៍មុនមក ក្លាយជាភ្លើងឆេះព្រៃដ៏ប្រល័យបំផុតមិនធ្លាប់មានអស់រយៈពេលជាង ១០០ឆ្នាំមកនេះសម្រាប់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃខាងលើបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយអណ្តាតភ្លើងរបស់វា បានលេបត្របាក់ស្ទើរទាំងស្រុងលើទីក្រុងប្រវត្តិសាស្រ្ត Lahaina ដែលជាទីកន្លែងដ៏ពេញនិយមមួយប្រចាំរដ្ឋហាវ៉ៃ សម្រាប់ភ្ញៀវទេសចរ។ ទីភ្នាក់ងារសហព័ន្ធផ្នែកគ្រប់គ្រងគ្រោះអាសន្ន FEMA បានវាយតម្លៃថា ថ្លៃចំណាយសម្រាប់ការកសាងទីក្រុងនេះឡើងវិញ គឺខ្ទង់៥.៥ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: