ព័ត៌មានអន្តរជាតិ

សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា

BY
Khmerpress
August 17, 2023
សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា

(បាងកក)៖ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ មហាំម៉ាត់ នួរម៉ាថា (Wan Muhamad Noor Matha) បានប្រកាសថាសមាជិកសភាថៃ​នឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍ក្រោយ ដើម្បីបិទបញ្ចប់ភាពជាប់គាំង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

ការប្រកាសខាងលើរបស់លោក វ៉ាន់ មហាំម៉ាត់ ធ្វើឡើងក្នុងថ្ងៃតែមួយដែលតុលាការធម្មនុញ្ញនៃប្រទេសថៃ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចបដិសេធ ចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់​ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបាន រារាំងមិនឱ្យបេក្ខជនរបស់ខ្លួនអាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយ ទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការ​បង្កើតរដ្ឋាភិបាលថ្មី។

ថ្លែងប្រាប់អ្នកសារព័ត៌មានដោយប្រកាសថាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា លោក វ៉ាន់ មហាំម៉ាត់ បានគូសបញ្ជាក់ដូច្នេះថា «ថាតើការជ្រើសរើសនាយករដ្ឋមន្ត្រីអាចសម្រេចបានជោគជ័យ ឬក៏យ៉ាងណា គឺអាស្រ័យលើសម័យប្រជុំនេះ»។

គួរបញ្ជាក់ថា គណបក្ស ​ភឿថៃ (Pheu Thai) ដែលជាបក្សជាប់ចំណាត់ថ្នាក់លេខទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា នឹងជាអ្នកដឹកនាំ កិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយ​ជ្រើសតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: