ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្តាល នឹងផ្អាកបណ្តោះអាសន្នដចម្លងអរិយក្សត្រ-កាំបូឌីយ៉ាណា រយៈពេល ២ថ្ងៃ

BY
Khmerpress
August 18, 2023
មន្ទីរសាធារណការខេត្តកណ្តាល នឹងផ្អាកបណ្តោះអាសន្នដចម្លងអរិយក្សត្រ-កាំបូឌីយ៉ាណា រយៈពេល ២ថ្ងៃ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នដចម្លង អរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធ ពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី។

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមធ្វើការផ្អាកដចម្លងអរិយក្សត្រ-កាំបូឌីយ៉ាណា ចាប់ពីថ្ងៃទី២១ ដល់២២ ខែសីហា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋអាច ធ្វើចរាចរតាមដចម្លង អរិយក្សត្រ-អូតែលសុខា ស្វាយជ្រុំ-ជ្រោយចង្វារ កោះរះ-កោះប្រាក់ និងដផ្លូវត្រី

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាបនិងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕ ប្រភព៖ ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល – Road Safety Office Of Kandal Province

Share This Post: