ព័ត៌មានជាតិ

ប្រតិកម្មសារធាតុគីមី​ ឆេះរោងចក្រ​ផលិត កែច្នៃស្បែកសត្វ នៅខណ្ឌដង្កោ, សមត្ថកិច្ចប្រើប្រាស់ទឹកជិត១០០ឡាន ទើបរលត់

BY
Khmerpress
August 21, 2023
ប្រតិកម្មសារធាតុគីមី​ ឆេះរោងចក្រ​ផលិត កែច្នៃស្បែកសត្វ នៅខណ្ឌដង្កោ, សមត្ថកិច្ចប្រើប្រាស់ទឹកជិត១០០ឡាន ទើបរលត់

(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់រោងចក្រផលិតកែច្នៃស្បែកសត្វ​មួយកន្លែង បណ្តាលឲ្យឆេះឃ្លាំងស្តុកកម្ទេចអាចម៌រណាអស់ប្រហែល៣០%​ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចរោងចក្រ CIPEL ផលិតកែច្នៃស្បែកសត្វ ផ្លូវលំ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា​ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៤គ្រឿង។

ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់៦៨ឡាន និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន​០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០៤ឡាន​, រថយន្តក្រុមហ៊ុន ស្រាបៀលកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន និងរថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ដែកប្រក់សង្ក័សី ទំហំ​ ​(១៥ម៉ែត្រ​ គុណ​ ២៥ម៉ែត្រ)​ បានឆេះឃ្លាំងស្តុកកម្ទេចអាចម៍រណាអស់ប្រហែល៣០%​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៣៖០០នាទីយប់រំលងអាធ្រាត ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ រីឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីប្រតិកម្មសារធាតុគីមី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: