ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចនៅមានលទ្ធភាពបន្ដធ្វើជានាយករដ្ឋមន្ដ្រី ប៉ុន្ដែលះបង់ឲ្យអ្នកជំនាន់ក្រោយ, ខណៈសម្ដេចជាអ្នកកាន់តំណែងនេះ យូរជាងគេនៅលើពិភពលោក

BY
Khmerpress
August 22, 2023
សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចនៅមានលទ្ធភាពបន្ដធ្វើជានាយករដ្ឋមន្ដ្រី ប៉ុន្ដែលះបង់ឲ្យអ្នកជំនាន់ក្រោយ, ខណៈសម្ដេចជាអ្នកកាន់តំណែងនេះ យូរជាងគេនៅលើពិភពលោក

(ភ្នំពេញ)៖ ក្រោយបញ្ចប់តំណែងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលកាន់តំណែងនេះប្រមាណជាង៣៨ឆ្នាំ បានអះអាងថា បើតាមស្ថានភាពសុខភាពរបស់សម្ដេច គឺនៅមានលទ្ធភាពអាចកាន់តំណែងនេះបានមួយអាណត្តិទៀត ក៏មិនទាន់មានបញ្ហាដែរ ប៉ុន្ដែសម្ដេចមិនបន្ដនោះឡើយ ពោលសម្ដេចសម្រេចចិត្តលះបង់ឲ្យអ្នកបន្ដវេនជំនាន់ក្រោយ។

ក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧នេះ, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់តំណែងជានាយករដ្ឋមន្ដ្រី សម្ដេចជាអ្នកកាន់តំណែងនេះយូរជាងគេនៅលើពិភពលោក។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, នៅប្រទេសមួយចំនួននាយករដ្ឋមន្ដ្រី ត្រូវបានចាកចេញពីតំណែងនៅពេលសន្លឹកឆ្នោតធ្លាក់ចុះ ឬនៅពេលចាញ់ឆ្នោតតែម្ដង ប៉ុន្ដែករណីសម្ដេចចាកចេញ នៅពេលសន្លឹកឆ្នោតកើតឡើងខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អស់លោកអាចឃើញអំពីសុខភាពរបស់ខ្ញុំ ពិតមែនតែខ្ញុំបានឆ្លងកាត់ដំណាក់កាលដ៏យូរនេះ ប៉ុន្ដែខ្ញុំនៅមានលទ្ធភាព ដើម្បីនឹងធ្វើបន្ដក្នុងអាណត្តិថ្មី។ នៅប្រទេសមួយចំនួននាយករដ្ឋមន្ដ្រីត្រូវបានចាកចេញពីតំណែងនៅពេលសន្លឹកឆ្នោតធ្លាក់ចុះ ឬនៅពេលចេញឆ្នោតតែម្ដង ប៉ុន្ដែករណីរបស់ខ្ញុំ នៅពេលដែលសន្លឹកឆ្នោតកើនឡើងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិរបស់គណបក្សប្រជាជន ខ្ញុំបែរជាចាកចេញពីតំណែងនាយករដ្ឋមន្ដ្រី»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បើគិតអំពីពេលវេលាដែល សម្ដេចធ្វើជានាយករដ្ឋមន្ដ្រី គិតពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចធ្វើជានាយករដ្ឋមន្ដ្រី បានចំនួន ២,១០៤សប្ដាហ៍, គិតជាថ្ងៃបានចំនួន១៤,០៩៩ថ្ងៃ, គិតជាខែបានចំនួន៤៦៣ខែ និងគិតជាឆ្នាំ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។

ដោយឡែក គិតអំពីពេលដែលសម្ដេច ចាប់ផ្ដើមចូលក្នុងកិច្ចការនយោបាយ ពីក្រសួងការបរទេស ដែលចាត់ចាត់ទុកថាជារដ្ឋមន្ដ្រីការបរទេសក្មេងជាងគេ មកដល់ពេលនេះ ចាប់ពីថ្ងៃច័ន្ទ ទី៨ ខែមករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បាន២៣៣៨សប្ដាហ៍ គិតជាថ្ងៃ១៦,២៩៧ថ្ងៃ គិតជាខែ៥៣៥ខែ និងគិតជាឆ្នាំ៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃ។

ក្នុងសន្និសីទសារព័ត៌មានដ៏មានអត្ថន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ និងដឹងច្បាស់អំពីទឹកចិត្តស្ដាយស្រណោះរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះការលះបង់តំណែងជានាយករដ្ឋមន្ដ្រីនេះ ប៉ុន្ដែសម្ដេចមិនទាន់លាចាកពីឆាកនយោបាយនៅឡើយទេ ពោលសម្ដេចនៅមានលទ្ធភាពដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ តាមតួនាទីក្នុងឋានៈជា ប្រធានគណបក្សកាន់អំណាច, ក្នុងឋានៈជាអ្នកតំណាងរាស្ដ្រ ហើយនៅពេលខាងមុខ ក្រោយមានការស្រុះស្រួលគ្នាហើយនោះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា សម្ដេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានយកជីវិតធ្វើដើមទុន រំដោះប្រទេសជាតិ និងប្រជាជនចេញពីភ្លើងសង្គ្រាម រហូតមានសុខ សន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ បានអះអាងថា សម្ដេចមិនទាន់ទៅណាចោលប្រជាពលរដ្ឋដែលស្រលាញ់គាំទ្រសម្ដេចនោះទេ ដូច្នេះហើយសូមប្រជាពលរដ្ឋស្ងប់ចិត្ត។

សូមជម្រាបថា នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: