ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ គណៈរដ្ឋមន្រ្តីថ្មី មិនមែនសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ ឱ្យតែមានលទ្ធភាព

BY
Khmerpress
August 22, 2023
សម្តេចតេជោ ហ៊ុន សែន៖ គណៈរដ្ឋមន្រ្តីថ្មី មិនមែនសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ ឱ្យតែមានលទ្ធភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ ឱ្យតែមានពួកគេមានលទ្ធភាព។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ក្រោមបិទបញ្ចប់សម័យប្រជុំលើកទី១ ដែលបោះឆ្នោតជាកញ្ចប់ អនុម័តគាំទ្រចំពោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងមិនមែនត្រឹមតែរៀបចំកូនមន្រ្តីជាន់ខ្ពស់ទេ នៅក្នុងហ្នឹងគឺមានគ្រប់សមាសសភាព ឱ្យតែមានលទ្ធភាព ប្រសិនបើកូនខ្ញុំមិនបានការ ក៏អត់មានការតែងតាំងដែរ»

សម្តេចបានរំលឹកដែរថា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី គឺលោក នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះលោកត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខ។

សម្តេចតេជោបានថ្លែងចាត់ទុកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃរដ្ឋសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: