ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក នឹងស្នើច្បាប់ហាមឃាត់ការដុតគម្ពីរ Qur’an ក្នុងការរំងាប់ភាពតានតឹងជាមួយបណ្តាប្រទេសអ៊ីស្លាម

BY
Khmerpress
August 26, 2023
ដាណឺម៉ាក នឹងស្នើច្បាប់ហាមឃាត់ការដុតគម្ពីរ Qur’an ក្នុងការរំងាប់ភាពតានតឹងជាមួយបណ្តាប្រទេសអ៊ីស្លាម

(កូប៉ិនហាក)៖ រដ្ឋាភិបាលប្រទេសដាណឺម៉ាកបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងស្នើច្បាប់ដែលនឹងធ្វើឱ្យការដុតច្បាប់ចម្លង នៃគម្ពី Qur’an ជាសាធារណៈជារឿងខុសច្បាប់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ ក្នុងការរំងាប់ភាពតានតឹង ដែលកំពុងកើនឡើងជាមួយប្រទេសមូស្លីមមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Peter Hommelgaard បានប្រាប់សន្និសីទសារព័ត៌មានមួយថា «រដ្ឋាភិបាលនឹងស្នើច្បាប់ដើម្បីហាមឃាត់ការចាត់ចែងមិនត្រឹមត្រូវ នៃវត្ថុដែលមានសារៈសំខាន់ជាមូលដ្ឋាន ចំពោះសាសនាសម្រាប់សហគមន៍សាសនា»

លោកបានបន្ថែមថា «ដូច្នេះ សំណើនេះនឹងដាក់ទោស ជាឧទាហរណ៍ ការដុតគម្ពីរ Qur’an ឬគម្ពីរ Torah នៅកន្លែងសាធារណៈ»។

ប្រទេសដាណឺម៉ាក និងស៊ុយអែតបានឃើញការតវ៉ាជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលច្បាប់ចម្លងនៃគម្ពីរបរិសុទ្ធរបស់អ្នកមូស្លីម ត្រូវបានដុត ឬបំផ្លាញ ដែលបង្កឱ្យមានកំហឹងនៅក្នុងប្រទេសអ៊ីស្លាម ដែលទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ទង្វើទាំងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រទេសដាណឺម៉ាកបានសម្រេចដកការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង ដែលខ្លួនបានដាក់កាលពីមុន ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ។ ថ្មីៗនេះប្រទេសស្កាតឌីណាវៀន (Scandinavian) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថាខ្លួនកំពុងពិចារណាលើការហាមឃាត់ការតវ៉ា និងការប្រមូលផ្តុំដើម្បីដុតគម្ពី Qur’an នៅក្នុងទឹកដីរបស់ខ្លួន ទោះបីជាមានការរិះគន់ពីគណបក្សប្រឆាំងក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: