សង្គម

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរក្រុមការងារតារាសម្តែង សុគា គីមលាង ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា ផ្សព្វផ្សាយដល់ទឹកដីប្រទេស New Zealand

BY
Khmerpress
September 2, 2023
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរក្រុមការងារតារាសម្តែង សុគា គីមលាង ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា ផ្សព្វផ្សាយដល់ទឹកដីប្រទេស New Zealand

(បរទេស)៖ ប៉ុន្មានថ្ងៃមកនេះ មហាជនខ្មែរមានការកោតសរសើរជាខ្លាំង បន្ទាប់ពីឃើញតារាសម្តែងដ៏ស្រស់ស្អាត និងជានាដការីរបាំបុរាណមួយរូប គឺកញ្ញា សុគា គីមលាង ហៅ Kon Ant និងក្រុមការងាររបស់នាង នាំយកការសម្តែងរបាំព្រះរាជទ្រព្យ (របាំអប្សារា) ដែលជាសម្បត្តិបេតិកភណ្ឌជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីនៃប្រទេសណូវែលសេឡង់។ ភាពអស្ចារ្យនៃការសម្តែងរបស់នាង មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្ទុះការសរសើរនោះទេ ពោលគឺ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរដល់រូបនាង និងក្រុមការងារសម្ដែងផងដែរ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូនៃការសម្តែងរបស់កញ្ញា សុគា គីមលាង ដោយភ្ជាប់ជាមួយសារកោតសរសើរយ៉ាងដូច្នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand»

ឆ្លើយតបនឹងសារកោតសរសើរពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កញ្ញា សុគា គីមលាង បានឲ្យដឹងយ៉ាងដូច្នេះថា «ជាដំបូង នាងខ្ញុំសូមអរគុណឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកោតសរសើរដល់ក្រុមរូបនាងខ្ញុំ។ មិនមែនជារឿងងាយស្រួលនោះទេ កាលដែលត្រូវហោះពីប្រទេសខ្មែរ ទៅប្រទេសណូវែលសេឡង់ ជាពិសេសអាកាសធាតុប្តូរពីក្តៅទៅត្រជាក់ហើយធៀបនឹងប្រទេសយើង គឺនៅទីនោះត្រជាក់ជាងយើងដល់ទៅ៦ដងឯណោះ»។ នាងបន្តថា «ក្នុងនាមខ្ញុំតំណាងឲ្យនាដការីរបាំបុរាណខ្មែរទាំងអស់ ពិតជាលះបង់ខ្លាំងក្លាមែនទែន សម្រាប់វប្បធម៌ដ៏ចំណាស់មួយនេះ ឲ្យនៅគង់វង្សជាដរាប។ ដំណើរដ៏វែងឆ្ងាយមួយនេះ នាងខ្ញុំពិតជាមានមោទកភាព ដែលបានប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅស្រុកបានផ្តល់ជាកម្លាំងចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន។ សូមអរគុណសន្តិភាព»

គួរជម្រាបថា តាមរយៈការប្រឡូក្នុងវិស័យសិល្បៈ គេសង្កេតឃើញថា តារាសម្តែង សុគា គីមលាង បានធ្វើឲ្យមហាជនខ្មែរចាប់អារម្មណ៍ និងកោតសរសើរលើរូបនេះជាខ្លាំង តាមរយៈសកម្មភាពសិល្បៈនានា។ ជាក់ស្តែង អតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ រូបនេះធ្លាប់ធ្វើឲ្យមហាជនស្ញើចសរសើរយ៉ាងខ្លាំង ពេលបានសម្តែងជាតួអង្គព្រះថោង ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: