ព័ត៌មានអន្តរជាតិ

ទីបំផុត! សហរដ្ឋអាមេរិក ប្រកាសផ្ដល់ «គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» ទៅឱ្យអ៊ុយក្រែន

BY
Khmerpress
September 7, 2023
ទីបំផុត! សហរដ្ឋអាមេរិក ប្រកាសផ្ដល់ «គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» ទៅឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំ ១៧៥លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ហើយដែលនេះជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិកបញ្ជូនគ្រាប់ដ៏ចម្រូងចម្រាសនេះទៅឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មុនគេពីផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមទៅឱ្យអ៊ុយក្រែន ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាមមន្ទីរបញ្ចកោណ ជំនួយយោធាខាងលើក៏នឹងមានផងដែរនូវប្រព័ន្ធអាវុធប្រឆាំង រថក្រោះ ក៏ដូចជាគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS។ គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានប្រកាសផ្ដល់ឱ្យនេះ គឺសម្រាប់ប្រើបាញ់ ចេញពីរថក្រោះ Abrams ដែលអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីកម្ទេចរថក្រោះរុស្ស៉ី។

គួរបញ្ជាក់ថា ជំនួយយោធា ១៧៥លានដុល្លារ គឺត្រូវយកចេញពីកញ្ចប់ជំនួយយោធាទំហំជាង ១ពាន់លានដុល្លារ ដែលត្រូវបានប្រកាសផ្ដល់​ឱ្យអ៊ុយក្រែនដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អំឡុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវកាលពីថ្ងៃពុធ។ ក្រៅតែពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាលពីដើមឆ្នាំ២០២៣ ក៏បានបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់អ៊ុយក្រែនផងដែរ បើទោះជាមានការព្រមានពីរុស្ស៉ីក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: