ព័ត៌មានអន្តរជាតិ

UPDATE: អ្នកបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅប្រទេសម៉ារ៉ុក កើនដល់៦៣២នាក់ និង៣២៩នាក់រងរបួស

BY
Khmerpress
September 9, 2023
UPDATE: អ្នកបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅប្រទេសម៉ារ៉ុក កើនដល់៦៣២នាក់ និង៣២៩នាក់រងរបួស

(រ៉ាបា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានកើនដល់ ៦៣២នាក់ហើយ និង៣២៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុក ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងមហាផ្ទៃម៉ារ៉ុក បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស (Marrakesh,) អ៊ូអាហ្សាហ្សាត (Ouarzazate) អាហ្ស៉ីឡាល់ (Azilal) ឈីឆាអ៊ូអា (Chichaoua) និងតារូដាន់ (Taroudant)។ ចំណែក ក្នុងចំណោមមនុស្សរងរបួសចំនួន ៣២៩នាក់ មាន៥១នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងសង្រ្គោះបន្ទាន់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពី ទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ បើតាម ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទីរបស់ប្រទេសម៉ារ៉ុក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: