ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ​និងវៀតណាម ឯកភាពគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែ ស៊ីជម្រៅ ខណៈព្រួយបារម្ភកាន់តែខ្លាំងពីចិន

BY
Khmerpress
September 11, 2023
សហរដ្ឋអាមេរិក ​និងវៀតណាម ឯកភាពគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែ ស៊ីជម្រៅ ខណៈព្រួយបារម្ភកាន់តែខ្លាំងពីចិន

(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានសាទរដល់ទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម ខណៈប្រទេស ទាំង២ បានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសឺមីកុងឌុចទ័រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺផែ្នកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើតបណ្ដាញ សម្ព័ន្ធមិត្តអាស៊ី និងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលចិន។ ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងវៀតណាម ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយស្ដីពី សឺមីកុងឌុចទ័រ ដែលក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាម អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងពង្រីកការផលិត។ មិនតែប៉ុណ្ណោះ ក៏មានផងដែរ កិច្ចព្រមព្រៀងស្ដីពីធនធានរ៉ែកម្រ ដែលសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍ទំនើបៗដូចជាស្មាតហ្វូន និងរថយន្ដអគ្គិសនីជាដើម។

លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយមេដឹកនាំវៀតណាមថា ភាពជាដៃគូជាមួយវៀតណាម គឺជាផ្នែកមួយនៃការជំរុញមួយនៃរដ្ឋបាលរបស់ លោក ដើម្បីបង្ហាញដល់ប្រទេសជាដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកថាសហរដ្ឋអាមេរិក ក៏ជាប្រជាជាតិប៉ាស៊ីហ្វិកមួយដែរ ហើយសហរដ្ឋអាមេរិកក៏នឹងមិន ចាកចេញទៅទីកន្លែងណាផ្សេងនោះដែរ។

គួរបញ្ជាក់ថា តាមរយៈការចុះកិច្ចព្រមព្រៀងខាងលើដែលសម្រេចឡើង អំឡុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅទីក្រុងហាណូយ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសមួយដែលមានឋានៈខ្ពស់នៅក្នុងទំនាក់ទំនងការទូតរបស់វៀតណាម រួមជាមួយប្រទេសផ្សេងទៀតដូចជាចិន រុស្ស៉ី ឥណ្ឌា និងកូរ៉េខាងត្បូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: