ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន រងការចោទប្រកាន់ថាគិតតែពីប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនអើពើពីសិទ្ធិមនុស្សនៅវៀតណាម និងឥណ្ឌា

BY
Khmerpress
September 12, 2023
លោក ចូ បៃដិន រងការចោទប្រកាន់ថាគិតតែពីប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនអើពើពីសិទ្ធិមនុស្សនៅវៀតណាម និងឥណ្ឌា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរងការចោទប្រកាន់ពីសំណាក់អង្គការការពារសិទ្ធិមនុស្សថាសម្លឹងឃើញតែប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនបានអើពើលើពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម និងឥណ្ឌា ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ការរិះគន់របស់ក្រុមអង្គការសិទ្ធិមនុស្ស កើតមានឡើង បន្ទាប់ពីព្រឹត្តិ​បត្រព័ត៌មានរបស់សេតវិមានចេញផ្សាយអំឡុងទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ ប្រទេសវៀតណាម នៅត្រង់ផ្នែកសិទ្ធិមនុស្សមានត្រឹមតែ១១២ពាក្យប៉ុណ្ណោះនៅក្នុងព្រឹត្តិ​បត្រព័ត៌មាននេះដែលមានជាង ២,៦០០ពាក្យ។ រាប់ចាប់ពីធុរកិច្ច រហូតដល់ទស្សនវិស័យយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់វៀតណាម កាលពីថ្ងៃអាទិត្យ និងកាលពីថ្ងៃចន្ទកន្លងទៅនេះ និងទៅកាន់ ឥណ្ឌាកាលពីចុងសប្ដាហ៍មុន ត្រូវបានគេមើលឃើញថាផ្តោតតែទៅលើការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំង២ ដែលទីក្រុងវ៉ាស៊ីនតោនយល់ថាអាចជួយ ខ្លួនទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។

សម្រាប់អង្គការការពារជាតិសិទ្ធិមនុស្ស ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន គឺជារឿងមួយគួរឱ្យសោកស្ដាយ ដោយហេតុថាលោកមិនបានធ្វើតាមអ្វីដែលបាន សន្យាថានឹងតម្កល់ទុកការលើកកម្ពស់សិទ្ធិមនុស្សជាអាទិភាពមួយ នៅពេលឡើងកាន់អំណាចក្នុងឆ្នាំ២០២១។

នៅឯទីក្រុងហាណូយ លោក បៃដិន បាននិយាយថាសហរដ្ឋអាមេរិក និងវៀតណាម បានដំឡើងទំនាក់ទំនងការទូតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ» និងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យ cloud computing សឺមីកុងឌុចទ័រ (បន្ទះឈីប) និងបញ្ញាសប្បនិម្មិត។ មិនតែប៉ុណ្ណោះ សេតវិមានក៏បាន បង្ហាញផងដែរថាក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) នឹងទិញយន្ដហោះ Boeing 737 Max ចំនួន ៥០គ្រឿង ក្នុងទឹកប្រាក់ ៧.៨ពាន់លានដុល្លារ។

គួរបញ្ជាក់ថា អង្គការការពារសិទ្ធិមនុស្ស ដូចជា Human Rights Watch (HRW) បានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌារបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ថាកំពុង បង្កើនយុទ្ធនាការបំបិទមាត់អ្នកសារព័ត៌មាន និងក្រុមអ្នករិះគន់ ក៏ដូចជារើសអើងប្រឆាំងនឹងសហគមន៍ប្រជាជនភាគតិច ដូចជាសហគមន៍អ្នកកាន់សាសនា អ៉ីស្លាមជាដើម។ ចំណែក វៀតណាមវិញ អង្គការនេះដដែលបានអះអាងថាមានអ្នកទោសនយោបាយយ៉ាងហោច ១៥៩នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: