ព័ត៌មានអន្តរជាតិ

ថៃ នឹងចែកប្រាក់សរុបជាង ១,៥ពាន់លានដុល្លារឲ្យពលរដ្ឋដើរទិញទំនិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈជំរុញសកម្មភាពអាជីវកម្មក្នុងស្រុក

BY
Khmerpress
September 12, 2023
ថៃ នឹងចែកប្រាក់សរុបជាង ១,៥ពាន់លានដុល្លារឲ្យពលរដ្ឋដើរទិញទំនិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈជំរុញសកម្មភាពអាជីវកម្មក្នុងស្រុក

ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃគ្រោងធ្វើការចែកប្រាក់សរុបចំនួន ៥៦០ពាន់លានបាត (១,៥៨០ ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋគោលដៅចំនួន ៥៥លាននាក់ ដើម្បីឲ្យពួកគេយកទៅទិញទំនិញផ្សេងៗ ខណៈគោលបំណងនៃការអនុវត្តយន្តការនេះ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិថៃឲ្យសន្ទុះឡើងវិញ ក្រោយសេដ្ឋកិច្ចថៃបានធ្លាក់ចុះឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានបញ្ជាក់ថា ការចែកប្រាក់នេះគឺមិនមែនជាការចែកក្រដាសប្រាក់សុទ្ធនោះទេ តែវាជាការចែកជូនខិត្តប័ណ្ណមានតម្លៃ ១០,០០០បាត (២៨២ ដុល្លារអាមេរិក) អមដោយលក្ខខណ្ឌមួយចំនួន។

លក្ខខណ្ឌរួមមួយក្នុងការផ្តល់ជូនខិត្តប័ណ្ណនេះ គឺខិត្តប័ណ្ណត្រូវបានផ្តល់ជូនដល់ក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដោយពលរដ្ឋម្នាក់អាចទទួលបានខិត្តប័ណ្ណចំនួន ១សន្លឹកសម្រាប់ដើរទិញឥវ៉ាន់ផ្សេងៗពីក្នុងហាងដែលបានសហការណ៍ជាមួយអាជ្ញាធរថៃ ខណៈខិត្តប័ណ្ណនោះនឹងមានសុពលភាពរហូតដល់ ៦ខែក្រោយពីការចែកជូន។ ក្នុងការទិញទំនិញនោះទៀតសោធពលរដ្ឋជាម្ចាស់ខិត្តប័ណ្ណក៏ទំនងជាត្រូវបន្ថែមលុយផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ ក្នុងករណីដែលពួកគេចង់ទិញអីវ៉ាន់ដែលមានតម្លៃខ្ពស់ៗ ឬប្រភេទទំនិញណាដែលកំណត់ទទួលយកការទូទាត់ជាប្រាក់សុទ្ធខ្លះនិងទទួលយកប្រាក់ជាខិត្តប័ណ្ណខ្លះ។ តាមរយៈយន្តការនេះគឺក្រុមអ្នកលក់ទំនិញអាចបន្តដង្ហើមអាជីវកម្មរបស់ពួកគេបាន ហើយពលរដ្ឋដែលកំពុងមានបញ្ហាសេដ្ឋកិច្ចក៏រីករាយក្នុងការទទួលបានទំនិញយកទៅប្រាស់ជាមួយតម្លៃទាបបំផុត ខណៈរដ្ឋាភិបាលថៃគឺជាអ្នកចំណាយប្រាក់មួយចំនួនដើម្បីសម្របសម្រួលយន្តការនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: