ព័ត៌មានអន្តរជាតិ

អវកាសយានិកអាមេរិក បំបែកកំណត់ត្រាថ្មីសម្រាប់ការស្នាក់នៅរយៈពេលយូរបំផុត ក្នុងទីអវកាស

BY
Khmerpress
September 14, 2023
អវកាសយានិកអាមេរិក បំបែកកំណត់ត្រាថ្មីសម្រាប់ការស្នាក់នៅរយៈពេលយូរបំផុត ក្នុងទីអវកាស

(វ៉ាស៉ីនតោន)​៖ អវកាសយានិកអាមេរិក លោក ហ្រ្វេង រូប៊ីអូ (Frank Rubio) ទើបតែបានបំបែកកំណត់ត្រាថ្មី សម្រាប់ការបំពេញបេសកកម្ម​រយៈពេលយូរបំផុត ក្នុងទីអវកាសដែលសម្រេចបានដោយជនជាតិអាមេរិក បន្ទាប់ពីរូបលោកបានចំណាយពេលស្នាក់នៅ លើស៣៥៥ថ្ងៃនៅលើ​ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក រូប៊ីអូ បានបំបែកកំណត់ត្រាខាងលើកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបើតាមផែនការកំណត់ រូបលោកនឹងត្រូវធ្វើដំណើរត្រឡប់ចុះមកកាន់​ផ្ទៃផែនដីវិញនៅថ្ងៃទី២៧ ខែកញ្ញា ដែលនាពេលនោះ លោកនឹងចំណាយពេលសរុប៣៧១ថ្ងៃ ស្ថិតនៅក្នុងទីអវកាស។ ចំណែកកំណត់ត្រា​ចាស់ គឺត្រូវសម្រេចបានកាលពីឆ្នាំ២០២២ ដោយអវកាសយានិកអាមេរិក លោក ម៉ាក វែន (Mar Vande) ដែលបានស្នាក់នៅទីអវកាស​រយៈពេល៣៥៥ថ្ងៃ។

គួរបញ្ជាក់ថា ខាងលើគឺជាកំណត់ត្រានៃការស្នាក់នៅទីអវកាសបានយូរថ្ងៃជាប់គ្នាបំផុត សម្រាប់សហរដ្ឋអាមេរិក ខណៈអតីតអវកាសយានិក​រុស្ស៉ីលោក វ៉ាឡឺរី ប៉ូលីយ៉ាកូវ (Valeri Polyakov) នៅតែបន្តជាម្ចាស់កំណត់ត្រាពិភពលោក ជាមួយរយៈពេលស្នាក់នៅក្នុងទីអវកាស​រហូតដល់៤៣៧ថ្ងៃ។ ដោយឡែក សម្រាប់សហរដ្ឋអាមេរិក បើគិតពីកំណត់ត្រានៃការចំណាយពេលច្រើនថ្ងៃបំផុតស្នាក់នៅទីអវកាស អំលុងបេសកកម្មច្រើនសរុបបញ្ចូលគ្នាវិញ គឺ​បានទៅអតីតអវកាសយានិក លោកស្រី ផេកហ្គី វីតសុន (Peggy Whitson) ដែលសម្រេច​បានរយៈពេល៦៧៥ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: