ព័ត៌មានអន្តរជាតិ

បារាំងហាមឃាត់ការលក់ iPhone 12 ក្រោយរកឃើញថាមានបញ្ហាវិទ្យុសកម្មកើនឡើងខ្ពស់

BY
Khmerpress
September 15, 2023
បារាំងហាមឃាត់ការលក់ iPhone 12 ក្រោយរកឃើញថាមានបញ្ហាវិទ្យុសកម្មកើនឡើងខ្ពស់

(បរទេស)៖ ថ្មីៗនេះនិយតករប្រទេសបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ ក្រោយរកឃើញថាម៉ូដែលនេះបានរំលោភលើដែនកំណត់នៃការប៉ះពាល់និងវិទ្យុសកម្មរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបាននិយាយថា ម៉ូដែល iPhone 12 របស់ Apple នេះបានបញ្ចេញលើសវិទ្យុសកម្មដែលអនុញ្ញាត នឹងតម្រូវឱ្យ Apple ត្រូវតែបញ្ឈប់ការដាក់លក់ជាបន្ទាន់។

តាមរយៈការធ្វើតេស្តពីភ្នាក់ងារ ANFR ទៅលើស្មាតហ្វូនចំនួន ១៤១គ្រឿងទាក់ទងនឹងរង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្ម (SAR) ពីក្រុមហ៊ុននានារួមទាំងស្មាតហ្វូនរបស់ Apple នោះបានរកឃើញថា ម៉ូដែល iPhone 12 ដែលបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជាង ៣ឆ្នាំនេះបានផ្តល់ផលប៉ះពាល់ខ្ពស់ដល់អ្នកប្រើប្រាស់។ បញ្ហានោះគឺ iPhone 12 បានបញ្ចេញថាមពលលើសកម្រិតរហូតដល់ ៥.៧៤វ៉ាត់ក្នុងមួយគីឡូក្រាមនៅពេលដែលស្មាតហ្វូននេះត្រូវបានដាក់ក្នុងហោប៉ៅ ដែលជាស្តង់ដារសហភាពអឺរ៉ុបសម្រាប់រង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្មគឺកំណត់ត្រឹមតែ ៤.០វ៉ាត់ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ ANFR បាននិយាយថា Apple ត្រូវតែអនុវត្ត «មធ្យោបាយដែលមានទាំងអស់» ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស បើពុំដូច្នោះទេនឹងតម្រូវឱ្យប្រមូល iPhone 12 ដែលបានដាក់លក់នៅអឺរ៉ុបយកមកវិញទាំងអស់។ ក្នុងនោះលោក Jean-Noel Barrot រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលប្រទេសបារាំងបានផ្តល់ជាអនុសាសន៍ថា លោកនឹងទុកពេលឱ្យ Apple ក្នុងរយៈពេល ២សប្តាហ៍ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ។

ជុំវិញករណីនេះ Apple បានធ្វើការជំទាស់ភ្លាមៗទៅនឹងការរកឃើញរបស់បារាំង ហើយអះអាងថា iPhone 12 គោរពតាមស្តង់ដារវិទ្យុសកម្ម។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើតេស្តដែលធ្វើឡើងដោយ ANFR មិនត្រូវបានអនុវត្តក្រោមលក្ខខណ្ឌប្រតិបត្តិការស្តង់ដារនោះទេ ហើយកម្រិត SAR របស់ iPhone 12 គឺស្ថិតនៅក្នុងដែនកំណត់ស្របច្បាប់។ ដូច្នេះពាក់ព័ន្ធនឹងបញ្ហានេះប្រភពមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេថាត្រូវបញ្ឈប់ការលក់តាមនិយតករបារាំង ឬយ៉ាងណានោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: