ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃលោក Srettha បង្ហាញការមិនយល់ស្រប ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត

BY
Khmerpress
September 15, 2023
នាយករដ្ឋមន្រ្តីថៃលោក Srettha បង្ហាញការមិនយល់ស្រប ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត

(បាងកក)៖ នាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បានចេញមុខនិយាយ​ប្រឆាំង ការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត ប៉ុន្តែលោកបានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងបន្តគោលនយោបាយ គាំទ្រការប្រើប្រាស់វា​សម្រាប់គោលដៅវេជ្ជសាស្រ្តដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីឆ្នាំ២០២២ ថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ សម្រាប់​​បម្រើដល់គោលដៅវេជ្ជសាស្រ្ត។ ចំណែកនៅតាមហាងកាហ្វេក៏ដូចជាតាមភោជនីយដ្ឋាន ក៏ត្រូវបានអនុញ្ញាតឱ្យប្រើកញ្ឆាក្នុងកម្រិតកំណត់ នៅក្នុងភេសជ្ជៈនិងចំណីអាហារបានផងដែរ។ ប៉ុន្តែក្នុងរយៈពេលត្រឹម១សប្តាហ៍ក្រោយការធ្វើយ៉ាងដូច្នោះ រដ្ឋាភិបាលនៃប្រទេសអាស៊ានមួយនេះ ក៏បាន​ដាក់ចេញគោលការណ៍ផ្សេងៗ ដើម្បីព្យាយាមទប់ស្កាត់លទ្ធភាពនៃការប្រើប្រាស់កញ្ឆដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ រួមទាំង​ការប្រើប្រាស់ដោយកុមារ។

ថ្លែងក្នុងបទសម្ភាសជាមួយវែបសាយព័ត៌មានថៃ The Standard លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយយ៉ាងដូច្នេះថា «គោលនយោបាយស្តីពី​កញ្ឆា នឹងនៅតែផ្តោតលើការប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្រ្តដដែល។ រីឯពាក់ព័ន្ធការប្រើប្រាស់វាសម្រាប់គោលដៅកម្សាន្ត​វិញនោះ គឺខ្ញុំមិនយល់ស្របឡើយ»។ គណបក្ស ភឿថា (Pheu Thai) របស់លោក ស្រេតថា កំពុងដឹកនាំរដ្ឋាភិបាលចម្រុះមានគណបក្សសរុបចំនួន១១ ដែលបានឡើងកាន់អំណាច កាលពីខែសីហាកន្លងទៅ។ ដៃគូធំបំផុត​របស់ Pheu Thai គឺគណបក្ស ភូមិចាយថៃ (Bhumjaithai) បានដឹកនាំកិច្ចប្រឹងប្រែងអនុញ្ញាតការប្រើប្រាស់កញ្ឆាដោយជោគជ័យ ក្រោមអតីតរដ្ឋាភិបាលថៃ។ ទាំង Pheu Thai និង Bhumjaithai សុទ្ធតែបាននិយាយថា ពួកគេគាំទ្រតែចំពោះការប្រើប្រាស់កញ្ឆា សម្រាប់គោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ។

គួរបញ្ជាក់ថា ឧស្សាហកម្មកញ្ឆារបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងមានតម្លៃរហូតដល់១.២ពាន់លានដុល្លារ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដោយអាជីវកម្មផ្សេងៗកំពុងរីកដុះដាល នៅតាមកន្លែងទាក់ទាញភ្ញៀវទេសចរ។ ក្នុងសប្តាហ៍នេះ លោក ស្រេតថា ដែលកាន់មុខតំណែងជា​រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃផងដែរនោះ ទើបតែបានបញ្ចេញគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមានភាពយឺតយ៉ាវ។ ក្នុងកិច្ចសម្ភាសខាងលើ លោកនាយករដ្ឋមន្រ្តីថៃ ថែមទាំងបានលើកឡើងថា រូបលោកគ្រោងព្យាយាមទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត អំលុង​កិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំធុរកិច្ច នៅឯទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក នៅពេលលោកទៅចូលរួមមហាសន្និបាតរបស់​អង្គការសហប្រជាជាតិ ក្នុងខែកញ្ញានេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: