ព័ត៌មានអន្តរជាតិ

សេតវិមានទទួលស្គាល់ថា លោក បៃដិន នឹងជួបប្រធានាធិបតីអ៊ុយក្រែន នៅអាមេរិកក្នុងសប្តាហ៍ក្រោយ ហើយនឹងមានការប្រកាសជំនួយបន្ថែម

BY
Khmerpress
September 16, 2023
សេតវិមានទទួលស្គាល់ថា លោក បៃដិន នឹងជួបប្រធានាធិបតីអ៊ុយក្រែន នៅអាមេរិកក្នុងសប្តាហ៍ក្រោយ ហើយនឹងមានការប្រកាសជំនួយបន្ថែម

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានទទួលស្គាល់ជាផ្លូវការថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ហើយក៏នឹងមានការប្រកាសជំនួយបន្ថែមសម្រាប់អ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានស្តីពីគម្រោងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មកកាន់សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ វានឹងជាដំណើរទស្សនកិច្ចលើកទី២ហើយ របស់លោកប្រធានាធិបតីអ៊ុយក្រែនមកកាន់ទីនេះ គិតចាប់តាំងពីសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីបានផ្ទុះឡើង។ លោក ហ្សេលេនស្គី បានមកធ្វើទស្សនកិច្ចនៅអាមេរិកជាលើកដំបូង កាលពីចុងឆ្នាំ២០២២ ក្រោយផ្ទុះសង្រ្គាម។

គួរបញ្ជាក់ថា សម្រាប់លោក បៃដិន គឺលោកធ្លាប់បានទៅបំពេញទស្សនកិច្ចដល់ទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំនេះ ក្នុងឱកាសខួប១ឆ្នាំ នៃសង្រ្គាមអ៊ុយក្រែន។ បើយោងតាមលោក Sullivan លោក ហ្សេលេនស្គី ក៏ត្រូវបានរំពឹងថា នឹងជួបជាមួយថ្នាក់ដឹកនាំសភាមកពី​គណបក្សនយោបាយអាមេរិកទាំង២ផងដែរ អំលុងពេលរូបលោកស្ថិតនៅទីក្រុងវ៉ាស៉ីនតោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: