ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Lee ប្រែទៅជាព្យុះត្រូពិក ពេលជិតទៅដល់រដ្ឋ New England របស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា

BY
Nisaiy KP
September 17, 2023
ព្យុះទីហ្វុង Lee ប្រែទៅជាព្យុះត្រូពិក ពេលជិតទៅដល់រដ្ឋ New England របស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា

(វ៉ាស៉ីនតោន)៖ បន្ទាប់ពីបោកបក់អស់រយៈពេលជាង ១សប្តាហ៍នៅលើមហាសមុទ្រអាត្លង់ទិក ព្យុះទីហ្វុង Lee បានប្រែក្លាយទៅជាព្យុះត្រូពិកខណៈរំកិលមកកាន់តែជិតរដ្ឋ New England របស់សហរដ្ឋអាមេរិក និងខេត្ត Atlantic របស់ប្រទេសកាណាដានាថ្ងៃសៅរ៍នេះ ប៉ុន្តែនៅតែបង្កើតបានជាខ្យល់ព្យុះដ៏មានកម្លាំងខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសេចក្តីណែនាំថ្មីចុងក្រោយ មជ្ឈមណ្ឌលតាមដានព្យុះអាមេរិក (NHC) បានឲ្យដឹងថា ព្យុះត្រូពិក Lee នឹងបោកបក់មកដល់នាថ្ងៃសៅរ៍នេះ និងមានចម្ងាយប្រហែល ៣៦៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Halifax Nova Scotia ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្យល់បោកបក់បោកខ្លាំង ទឹកជំនន់នៅបណ្តោយតាមឆ្នេរសមុទ្រ និងភ្លៀងធ្លាក់ខ្លាំងបានកើតមានរួចហើយ នៅក្នុងផ្នែកខ្លះនៃរដ្ឋ New England និងខេត្ត Atlantic របស់កាណាដា។ ឥទ្ធិពលនៃព្យុះអាចបន្តបោកបក់នៅពាសពេញឈូងសមុទ្រនៅព្រឹកថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Lee បាននឹងកំពុងបក់បោកលើមហាសមុទ្រអាត្លង់ទិក អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។ នេះជា​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​ដែល​ព្យុះ​ដ៏​ខ្លាំង​មួយ​នេះ​បានបោកបក់មកដល់កាណាដា បន្ទាប់​ពី​ព្យុះ​ទីហ្វុង Fiona បាន​បោកបក់​លើភាគ​ខាង​កើត​ប្រទេស​​កាល​ពី​ឆ្នាំ២០២២៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: