ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ សន្យាដាក់ចេញគោលនយោបាយបន្ធូរបន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋបន្ថែមទៀត នៅចុងឆ្នាំនេះ

BY
Khmerpress
September 18, 2023
នាយករដ្ឋមន្រ្តីថៃ សន្យាដាក់ចេញគោលនយោបាយបន្ធូរបន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋបន្ថែមទៀត នៅចុងឆ្នាំនេះ

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បាននិយាយនៅចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ ដែលរួមមានការបន្ធូរបន្ថយតម្លៃអគ្គិសនីជាបណ្តើរៗ និងការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ដើម្បីទប់ទល់នឹងតម្រូវការទន់ខ្សោយលើការនាំចេញរបស់ថៃ និងភាពជឿជាក់កម្រិតទាបរបស់អ្នកវិនិយោគ លោក ស្រេតថា និងក្រុមចម្រុះទាំង ១១ក្នុងរដ្ឋាភិបាលរបស់លោក បានសន្យាធ្វើឲ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ ជាមួយនឹងការដាក់ចេញនូវវិធានការប្រជានិយមជាបន្តបន្ទាប់ ដែលរួមមានការព្យួរបំណុលសម្រាប់កសិករ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនពេញវ័យថៃ។

លោក ស្រេតថា បានបញ្ជាក់ថា «យើងបានកាត់បន្ថយតម្លៃអគ្គិសនីរួចហើយ ហើយយើងចង់កាត់បន្ថយថែមទៀត ប៉ុន្តែវានឹងចំណាយពេលជាច្រើនសប្តាហ៍»។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចថៃពេលនេះគឺមិនសូវល្អនោះទេ។

គួរបញ្ជាក់ថា សេដ្ឋកិច្ច​ថៃត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កំណើន​២.៨%​ នៅ​ឆ្នាំ​២០២៣នេះ ប៉ុន្តែ​លោក​ ស្រេតថា មាន​គោលដៅ​ជំរុញកំណើន​ប្រចាំឆ្នាំ​ ៥%។ បន្ថែម​លើ​ការ​បញ្ចុះ​ថ្លៃចំណាយគឺ​​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ដោយការរំពឹងថានឹងមានការប្រកាស​នៅអំឡុងខែវិច្ឆិកា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: