ព័ត៌មានអន្តរជាតិ

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ជួបពិភាក្សាជាមួយលោក Elon Musk ជុំវិញឧស្សាហកម្មផលិតរថយន្តដើរដោយថាមពលអគ្គិសនី

BY
Khmerpress
September 22, 2023
លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ជួបពិភាក្សាជាមួយលោក Elon Musk ជុំវិញឧស្សាហកម្មផលិតរថយន្តដើរដោយថាមពលអគ្គិសនី

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈគណនី X ផ្លូវការរបស់គាត់ថា លោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ក្នុងអំឡុងពេលដែលលោកធ្វើដំណើរមកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះលោក Srettha Thavisin កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

ប្រភពខាងលើបានបន្តថា នៅក្នុងជំនួបដ៏ពិសេសនោះមានការជជែកពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដូចជា ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណប SpaceX រួមទាំងក្រុមហ៊ុនអ៊ីនធឺណែត Starlink របស់លោក Elon Musk ផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះលោកបានប្រាប់លោក Elon Musk ថា រដ្ឋាភិបាលថៃគាំទ្រឲ្យមានការផលិតរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសថៃឲ្យបានច្រើន ដ្បិតពលរដ្ឋថៃជាច្រើនកំពុងចាប់អារម្មណ៍ក្នុងប្រើប្រាស់រថយន្តប្រភេទនេះយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា ថៃជាប្រទេសផលិតរថយន្តធំបំផុតលំដាប់ទី៤តំបន់អាស៊ី ដោយជាមធ្យមថៃបានផលិតរថយន្តក្នុងចន្លោះពី ១,៥ ទៅ ២លានគ្រឿងក្នុងមួយឆ្នាំ ហើយក្នុងនោះរថយន្តប្រមាណជា ៥០%គឺសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: