ព័ត៌មានអន្តរជាតិ

មិនធម្មតា! BLACKPINK រកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានខ្ទង់ ២៦៥លានដុល្លារ

BY
Khmerpress
September 22, 2023
មិនធម្មតា! BLACKPINK រកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានខ្ទង់ ២៦៥លានដុល្លារ

(កូរ៉េ)៖ ក្រុមចម្រៀងនារី BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» ដោយជោគជ័យជាមួយនឹងការប្រគំតន្ត្រីចុងក្រោយ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈផលិតកម្ម YG ការប្រគំតន្ត្រីទេសចរណ៍ «Born Pink» បានចេញសម្ដែងនៅ ៣៤ទីក្រុងទូទាំងពិភពលោក ដែលមានចំនួន ៦៦ឆាកក្នុងរយៈពេលមួយឆ្នាំ ដោយចាប់ពីខែតុលាឆ្នាំមុន ខណៈប្រាក់ចំណូលចុងក្រោយ ដែលរកបានគឺខ្ទង់ ២៦៥លានដុល្លារ។ នេះបើបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ផ្អែកតាមការប្រកាសរបស់ YG Entertainment កាលពីថ្ងៃទី២០ ខែកញ្ញា បានឲ្យដឹងថា ការប្រគំតន្ត្រីនេះទាំងមូលមានមនុស្សសរុប ១,៨លាននាក់បានចូលរួមទស្សនា ដែលជាតួលេខច្រើនជាងគេ សម្រាប់ក្រុមចម្រៀងស្រី K-pop។ បន្ថែមពីនេះ សម្រាប់ការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ រកបានប្រហែល ២៦៥លានដុល្លារ ប៉ុន្តែចំណូលដែល BLACKPINK និង YG ទទួលបានគឺ ១៦៣,៨លានដុល្លារអាមេរិក ធ្វើឲ្យការប្រគំតន្ត្រីរបស់ពួកគេក្លាយជាការប្រគំតន្ត្រីទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុត ក្នុងចំណោមសិល្បការិនីដែលបានបង្ហាញខ្លួន ក្នុងទសវត្សរ៍ឆ្នាំ២០១០។

មិនត្រឹមតែប៉ុណ្ណោះ BLACKPINK ក៏បានក្លាយជាតារាចម្រៀងស្រីទី៣ ដែលអាចលក់សំបុត្រដាច់គ្មានសល់ នៅពហុកីឡដ្ឋាន MetLife (ម៉េតឡាយហ្វ៍) ក្នុងរដ្ឋ New Jersey (ញូ ជើស៊ី) សម្រាប់ពេលការប្រគំតន្ត្រីរបស់ពួកគេ នៅអាមេរិកខាងជើង បន្ទាប់ពី Beyonce និង Taylor Swift៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: