ព័ត៌មានអន្តរជាតិ

Microsoft នឹងបើកលក់ជំនួយការ AI ថ្មីចាប់ពីដើមខែវិច្ឆិកាតទៅ

BY
Khmerpress
September 23, 2023
Microsoft នឹងបើកលក់ជំនួយការ AI ថ្មីចាប់ពីដើមខែវិច្ឆិកាតទៅ

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្រុមហ៊ុន Microsoft បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមដាក់លក់ជំនួយការ AI ថ្មី Microsoft 365 Copilot នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ។ Microsoft 365 Copilot គឺសេវាកម្មបង់ប្រាក់របស់ Microsoft ដែលប្រើនៅលើ Word, Excel, PowePoint និងកម្មវិធីមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា សេវាកម្ម AI ថ្មីដែលបានរួមបញ្ចូលទៅក្នុង Microsoft 365 Copilot នេះនឹងផ្តល់ជូនក្នុងតម្លៃជាង ៣០ដុល្លារសម្រាប់រយៈពេលមួយខែ។ សេវាកម្មថ្មីនេះគឺជាលទ្ធផលចុងក្រោយរបស់ក្រុមហ៊ុន Microsoft ទៅលើការពង្រឹងសមត្ថភាព AI បន្ទាប់ពី ChatGPT របស់ខ្លួន។

ដូចដែលបានដឹងរួចមកហើយថា Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកដែលបានដាក់ដំណើរការគំរូបញ្ញាសិប្បនិម្មិត្ត (AI) ChatGPT ប្រភេទChatbot ដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ ដោយឡែកចំពោះ Microsoft 365 Copilot នេះវិញគឺ ត្រូវបានរួមបញ្ចូលគំរូ AI ដូចទៅនឹង ChatGPT ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសន្ទនាជាមួយនឹង AI បានដោយផ្ទាល់រួមទាំងជួយទៅលើមុខងារសរសេរអត្ថបទនៅក្នុង Word ការរៀបចំតារាងផ្សេងៗនៅក្នុង Excel ក៏ដូចជារៀបចំការធ្វើបទបង្ហាញនៅលើ PowePoint បានថែមទៀតផង។

គួរជម្រាបដែរថា Microsoft 365 Copilot និងផលិតផលជាច្រើនទៀតដែលបានប្រកាសនៅឆ្នាំនេះ Microsoft កំពុងពឹងផ្អែកលើគំរូភាសាធំ GPT-4 របស់ OpenAI ដែលបានដាក់ឱ្យគាំទ្រនៅលើ ChatGPT ដែលវាមានសមត្ថភាពអាចសង្ខេបព័ត៌មាន និងបង្កើតអត្ថបទដូចទៅនឹងមនុស្ស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: