ព័ត៌មានអន្តរជាតិ

បេសកកម្មនាំយកគំរូតាងអាចម៍ផ្កាយរបស់អាមេរិក ត្រឡប់មកដល់ផែនដីវិញដោយជោគជ័យ ក្រោយរយៈពេល៧ឆ្នាំ

BY
Khmerpress
September 25, 2023
បេសកកម្មនាំយកគំរូតាងអាចម៍ផ្កាយរបស់អាមេរិក ត្រឡប់មកដល់ផែនដីវិញដោយជោគជ័យ ក្រោយរយៈពេល៧ឆ្នាំ

(វ៉ាស៉ីនតោន)៖ បេសកកម្មអវកាសដែលមានរយៈពេលសរុប៧ឆ្នាំ បានឈានដល់ចុងបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលប្រអប់ខាប់ស៊ុលមួយ (capsule) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលផ្ទុកគំរូតាងអាចម៍ផ្កាយ បានមកដល់ផ្ទៃផែនដីដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមអ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមខ្ពស់ថា គំរូតាងខាងលើនឹងជួយបង្កើនការយល់ដឹងរបស់យើង អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យ ក៏ដូចជា​អំពីដំណើរវិវត្តន៍របស់ផែនដី ដែលបានប្រែក្លាយជាភពដែលអាចទ្រទ្រង់ជីវិតបាន។ បេសកកម្ម OSIRIS-REx ត្រូវបានបញ្ជូនចេញពី​ផែនដីកាលពីឆ្នាំ២០១៦ ហើយ៤ឆ្នាំក្រោយមក វាបានចុះចតលើ អាចម៍ផ្កាយមួយឈ្មោះ Bennu ដើម្បីប្រមូលគំរូតាងក្នុងទម្រង់ជាកម្ទេចដីនិងធូលី ដែលបើតាម NASA គឺមានទម្ងន់ប្រហែល២៥០ក្រាម ពីលើផ្ទៃរបស់វា។ មកទល់ឥឡូវ ទើបគំរូតាងនោះត្រូវបានយកមកដល់ផែនដី ហើយវា​កំពុងត្រូវបញ្ជូនបន្តទៅកាន់ មន្ទីរពិសោធសម្រាប់ការវិភាគសិក្សា ខណៈ NASA គ្រោងប្រកាសពីលទ្ធផលបឋមរបស់ខ្លួន ក្នុងសន្និសីទកាសែត នៅខែក្រោយ។

គួរបញ្ជាក់ថា ខាងលើគឺជាបេសកកម្មប្រមូលគំរូតាងអាចម៍ផ្កាយលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក។ បេសកកម្មជប៉ុន Hayabusa-2 ក៏បាននាំយកគំរូតាងពីអាចម៍ផ្កាយមួយ ឈ្មោះ Ryugu កាលពីឆ្នាំ២០២០ផងដែរ ប៉ុន្តែបរិមាណគំរូតាងនោះ បើធៀបជាមួយបេសកកម្ម OSIRIS-REx គឺតិចជាងឆ្ងាយ។ អាចម៍ផ្កាយក្នុងទីអវកាស រួមផ្សំឡើងពីសមាសធាតុដើម នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយ​មានអាយុកាលប្រហែល៤.៥ពាន់លានឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: