ព័ត៌មានអន្តរជាតិ

ត្រកូល iPhone 15 បំបែកកំណត់ត្រាការលក់នៅក្នុងប្រទេសចិនកើនឡើងជាងម៉ូដែលមុនទ្វេដង

BY
Khmerpress
September 25, 2023
ត្រកូល iPhone 15 បំបែកកំណត់ត្រាការលក់នៅក្នុងប្រទេសចិនកើនឡើងជាងម៉ូដែលមុនទ្វេដង

(បរទេស)៖ បន្ទាប់ពីរយៈពេលជាងមួយសប្តាហ៍នៃព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូន iPhone 15 របស់ Apple នៅថ្ងៃយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពេលនេះ iPhone 15 ទាំង ៤ម៉ូដែលកំពុងចរាចរណ៍នៅលើទីផ្សារមួយចំនួនហើយ។ ដោយឡែកក្នុងជុំទីមួយនេះទីផ្សារប្រទេសចិនកំពុងទទួលបានការគាំទ្រជាខ្លាំង ខណៈដែលកំណើននៃការបញ្ជាទិញកើនឡើងដល់ ២៥៣ភាគរយ បើធៀបនឹង iPhone 14។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានបង្ហាញថា iPhone 15 បានបំបែកកំណត់ត្រា ការដាក់លក់ក្នុងរយៈពេលដ៏ខ្លីនៅលើទីផ្សារប្រទេសចិន បើទោះបីជាមានការព្រួយបារម្ភអំពីតម្រូវការ សម្រាប់ផលិតផលជំនាន់ចុងក្រោយ បន្ទាប់ពីមានរបាយការណ៍ការហាមឃាត់សម្រាប់ការប្រើប្រាស់ដោយមន្ត្រីរដ្ឋាភិបាលចិន។

យោងតាមគេហទំព័រ JD.com ដែលជាអ្នកលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ប្រទេសចិនបានបង្ហាញ ក្នុងរយៈពេលពីរម៉ោងដំបូងនៃការចេញលក់ iPhone 15 បានឃើញការលក់កើនឡើងរហូតដល់ ២៥៣ភាគរយបើធៀបនឹងឆ្នាំមុន។ ការបញ្ជាទិញពីអតិថិជននៅតាមបណ្តាលទីក្រុងនានាបានកើនឡើងដល់ទៅ ៦ដង ដែលបង្ហាញថាការការបញ្ជាទិញ iPhone កំពុងតែមានកំណើនខ្លាំងនៅតាមបណ្តាលទីក្រុងធំៗរបស់ប្រទេសចិន។

តែយ៉ាងណាប្រភពមិនបានបញ្ជាក់លម្អិតអំពីម៉ូដែល iPhone 15 ប្រភេទណាដែលទទួលបានកំណើនខ្លាំងជាងគេនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: