ព័ត៌មានអន្តរជាតិ

សកម្មជនដឹកនាំបាតុកម្មនៅប្រទេសថៃ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

BY
Khmerpress
September 26, 2023
សកម្មជនដឹកនាំបាតុកម្មនៅប្រទេសថៃ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

(បាងកក)៖ សកម្មជនលេចធ្លោមួយរូប ដែលបានអំពាវនាវដោយបើកចំហ ចង់ឱ្យមានការធ្វើកំណែទម្រង់ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសនាថ្ងៃអង្គារនេះ ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក អាណុន ណាមផា (Arnon Nampa) ដែលជាមេធាវីសិទ្ធិមនុស្សម្នាក់ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ សម្រាប់ការអត្ថាធិប្បាយមួយរបស់លោក អំលុងចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ២០២០ ដោយពេលនោះ លោកបាន​អំពាវនាវឱ្យមានការជជែកដេញដោលមតិជាសាធារណៈ ជុំវិញតួនាទីរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិពលបំផុតនៃប្រទេសថៃ។ លោក អាណុន បានអះអាងថា រូបលោកមិនបាន​ប្រព្រឹត្តខុសអ្វីនោះទេ។

នៅប្រទេសថៃ ស្ថាប័នព្រះមហាក្សត្រ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយច្បាប់ដែលប្រឈមការមានទោសជាប់ពន្ធនាគារជាអតិបរមា រហូតដល់១៥ឆ្នាំ សម្រាប់បទល្មើសនីមួយៗ ដែលត្រូវបានចាត់ទុកជា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ។ សម្រាប់ការប្រកាសសាលក្រមនៅថ្ងៃអង្គារនេះ គឺជាសាលក្រមដំបូងគេ ក្នុងចំណោមសំណុំរឿងសរុបចំនួន១៤ ពាក់ព័ន្ធទៅនឹងការប្រមាថព្រះមហាក្សត្រថៃ ដែលត្រូវបានចោទប្រកាន់មកលើលោក អាណុន។

គួរបញ្ជាក់ថា លោក អាណុន គឺជាមេដឹកនាំចលនាបាតុកម្មប្រមូលផ្តុំទៅដោយយុវជន ដែលបានអង្រួនទីក្រុងបាងកកកាលពីឆ្នាំ២០២០ ជាមួយវត្តមានមនុស្សរាប់ម៉ឺននាក់ នាំគ្នាចេញធ្វើសកម្មភាពតវ៉ានៅតាមដងផ្លូវ។ ក្រុមបាតុករពេលនោះ បានទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីលោកឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០១៤ ហើយពួកគេថែមទាំងអំពាវនាវផងដែរ ​ឱ្យធ្វើកំណែទម្រង់របបរាជានិយម និងលុបចោលច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ឬត្រូវគេស្គាល់ថា មាត្រា១១២ នៃក្រមព្រហ្មទណ្ឌ។

យោងតាមសមាគមមេធាវីថៃដើម្បីសិទ្ធិមនុស្ស គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ មនុស្សយ៉ាងហោចចំនួន២៥៧នាក់ ត្រូវបានចោទប្រកាន់​ក្រោមមាត្រា១១២ ខាងលើ គិតចាប់តាំងពីឆ្នាំ២០២០មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: