សិង្ហបុរីប្រកាសថវិកាគាំទ្រ៨០០លានដុល្លារទៀត ដើម្បីសម្រាលបន្ទុកប្រជាជន ចំពោះមុខការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ
- BY
- Khmerpress
- September 28, 2023
(សិង្ហបុរី)៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថវិកាចំនួន ១.១ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀត ដែលស្មើនឹង៨០២លានដុល្លារអាមេរិក ដើម្បីជួយប្រជាជនដោះស្រាយ បញ្ហានៃការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមពីលើ កញ្ចប់ថវិកាមុនទំហំ១.៥ពាន់លានដុល្លារសិង្ហបុរី (១.០៩ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានប្រកាសកាលពីខែមិថុនា គឺមានគោលដៅជាចម្បង ជួយសម្រាលបន្ទុកគ្រួសារដែលមានប្រាក់ចំណូលទាបនិងមធ្យម។
គួរបញ្ជាក់ថា អតិផរណានៅប្រទេសសិង្ហបុរី បានថយមកនៅ៣.៤ភាគរយកាលពីខែសីហា ធៀបនឹង៥.៥ភាគរយ កាលពីចន្លោះខែមករា ដល់ខែមីនា។ ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបាននិយាយថា ស្របពេលដែលអតិផរណា បានថយចុះពីចំណុចកំពូលក៏ដោយ ប្រជាជនសិង្ហបុរី នៅតែកំពុងបន្តប្រឈមនឹង ផលប៉ះពាល់នៃការកើនឡើងថ្លៃចំណាយ លើផ្នែកផ្សេងៗជាច្រើនដដែល។ ក្រសួងហិរញ្ញវត្ថុសិង្ហបុរី ក៏បានបង្រួញការព្យាករកំណើន GPD ពីចន្លោះ០.៥-២.៥ភាគរយ មកនៅ០.៥-១.៥ភាគរយផងដែរ។ កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចសិង្ហបុរី ទទួលបានកំណើន៣.៦ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: