ព័ត៌មានអន្តរជាតិ

នេះជាបញ្ហាមួយចំនួន ដែលកំពុងកើតមានឡើងនៅលើត្រកូល iPhone 15

BY
Khmerpress
September 30, 2023
នេះជាបញ្ហាមួយចំនួន ដែលកំពុងកើតមានឡើងនៅលើត្រកូល iPhone 15

(បរទេស)៖ បន្ទាប់ពី Apple ធ្វើការប្រកាសបង្ហាញកំពូលស្មាតហ្វូន iPhone15 ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការនៅថ្ងៃយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពេលនេះត្រកូល iPhone 15 ទាំង៤ ម៉ូដែលកំពុងតែចរាចរណ៍នៅលើទីផ្សារតាមបណ្តាលប្រទេសនានាហើយ។ ដោយឡែកសម្រាប់អ្នកគាំទ្រ iPhone ពីក្រុមហ៊ុន Apple ប្រាកដជាបានដឹងរួចមកហើយ ថាបើទោះបីជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ក៏ដោយ ក៏នៅតែមានបញ្ហាកើតមានឡើងជារៀងរាល់ឆ្នាំផងដែល។

ជាក់ស្តែងខាងក្រោមនេះ គឺជាបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់កំពុងជួបប្រទះនៅលើ iPhone 15 ទាំង ៤ម៉ូដែលរួមមាន៖

• បញ្ហាឡើងកម្តៅ (Overheating)៖ អ្នកប្រើប្រាស់បរទេសមួយចំនួនបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេថា iPhone 15 Pro/ 15 Pro Max កំពុងជួបបញ្ហាឡើងកម្តៅខ្លាំង ជាពិសេសក្នុងអំឡុងពេលលេងហ្គេម, ប្រើប្រាស់ GPS និងថតវីដេអូជាដើម។ ខណៈដែលម៉ូដែលទាំងពីនេះត្រូវបាន Apple ប្តូរទៅប្រើបន្ទះឈីប A17 Pro ដែលជាប្រភេទបន្ទះឈីបមានកម្លាំងខ្លាំង និងឈរនៅចំណាត់ថ្នាក់កំពូលក៏ដោយ។

• បញ្ហាស្នាមកូត (Fingerprint-attracting chassis)៖ អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា បញ្ហានេះប្រឈមខ្លាំងទៅលើ iPhone 15 Pro/ 15 Pro Max ដែល Apple បានប្តូរទៅប្រើតួទីតាញ៉ូមថ្មី ដែលរាល់ពេលអ្នកប្រើប្រាស់ចាប់កាន់ គឺងាយនឹងជាប់ស្នាមម្រាមដៃ និងស្នាមកូតនៅលើតួរស្មាតហ្វូន។ ដែលមូលហេតុនោះបណ្តាលមកពីតួទីតាញ៉ូមថ្មីនេះគឺ Apple មិនបានប្រើជម្រើសលាបថ្នាំការពារស្នាមកូតដូចទៅនឹងតួដែកអ៊ីណុកដែលមាននៅលើ iPhone 15/ 15 Pro នោះទេ។

• បញ្ហាអេក្រង់ (Display alignment issues)៖ បញ្ហានេះកើតមានឡើងនៅលើម៉ូដែល iPhone 15 ដែលអ្នកប្រើប្រាស់បរទេសមួយចំនួនបានលើកឡើងថា ស្មាតហ្វូនរបស់ខ្លួនគេ បានប្រែពណ៌អេក្រង់ពេលនៅក្រោមកម្តៅថ្ងៃ ងាយជាប់ស្នាមក្រយ៉ៅដៃនៅលើអេក្រង់ ងាយកូតអេក្រង់ និងមានល្អៀងនៅលើកញ្ចក់អេក្រង់។

• បញ្ហាថ្ម (Battery drain)៖ បញ្ហានេះបានកើតឡើងនៅលើ iPhone 15 ដែលអ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា ស្មាតហ្វូនរបស់ពួកគេអស់ថ្មលឿនជាងការរំពឹងទុក។ បើតាមការបញ្ជាក់ពី Apple អាយុកាលថ្មនៅលើ iPhone 15 ប្រើសម្រាប់ចាក់វីដេអូបាន ២០ម៉ោង និងប្រើសម្រាប់បើកម្មវិធីតូចៗដូចជាបទចម្រៀងបានដល់ទៅ ៨០ម៉ោងឯណោះ តែជាក់ស្តែងខុសពីការបង្ហាញ។

• បញ្ហាសហ្វវែល (Software bugs)៖ បញ្ហានេះបានកើតឡើងនៅលើ iPhone 15 ទាំង ៤ម៉ូដែល នៅពេលដែលអ្នកប្រើប្រាស់ធ្វើការផ្ទេរឯកសារពី iPhone ជំនាន់ចាស់របស់ពួកគេ ទៅ iPhone 15 វាបង្ហាញការមិនស្គាល់ទិន្នន័យ និងស្វែងរកមិនឃើញ។

គួរជម្រាបដែរថា បញ្ហាខាងលើនេះគ្រាន់តែជាផ្នែកមួយនៃបញ្ហាសំខាន់ៗដែលមាននៅលើ iPhone 15 ទាំង ៤ម៉ូដែលប៉ុណ្ណោះ តែជាក់ស្តែងនៅមានបញ្ហាមួយចំនួនទៀតដូចជា បញ្ហា ធូលីនៅក្នុងលេនកាមេរ៉ា និងបញ្ហាប្រព័ន្ធប្រតិបត្តិការ iOS ដំណើរការយឺតខុសប្រក្រតីជាដើម។ តែយ៉ាងណាបញ្ហានេះខាងក្រុមហ៊ុន Apple កំពុងតែធ្វើបច្ចុប្បន្នភាព ដោយមានការលើកឡើងថា នឹងត្រៀមឱ្យរួចរាល់មុនពេលត្រកូលនេះ ទៅកាន់បណ្តាលប្រទេសជាច្រើនបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: