ព័ត៌មានអន្តរជាតិ

ទីបំផុត! អាជ្ញាធរបារាំងអនុញ្ញាតឱ្យដាក់លក់ iPhone 12 ជាធម្មតាវិញហើយ

BY
Nisaiy KP
October 1, 2023
ទីបំផុត! អាជ្ញាធរបារាំងអនុញ្ញាតឱ្យដាក់លក់ iPhone 12 ជាធម្មតាវិញហើយ

(បរទេស)៖ បន្ទាប់ពីការហាមឃាត់អស់រយៈពេល ២សប្តាហ៍ ពេលនេះអាជ្ញាធរបារាំងបានអនុម័តឱ្យក្រុមហ៊ុន Apple អាចដាក់លក់ iPhone 12 បានវិញហើយ ក្រោយស្មាតហ្វូនម៉ូដែលនេះបានធ្វើបច្ចុប្បន្នភាពសុវត្ថិភាពកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុបានទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
អំឡុងថ្ងៃទី១៤ ខែកញ្ញាកន្លងទៅថ្មីៗនេះ អាជ្ញាធរបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបានរកឃើញថា ម៉ូដែល iPhone 12 បានបញ្ចេញកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុលើសពីអ្វីដែលសហភាពអឺរ៉ុបអនុញ្ញាត។

តាមរយៈការធ្វើតេស្តពីភ្នាក់ងារ ANFR ទៅលើស្មាតហ្វូនចំនួន ១៤១គ្រឿងទាក់ទងនឹងរង្វាស់នៃការស្រូបយកថាមពលហ្រ្វេកង់ស៍វិទ្យុដោយរាងកាយមនុស្ស (SAR) ពីក្រុមហ៊ុននានារួមទាំងស្មាតហ្វូនរបស់ Apple នោះបានរកឃើញថា ម៉ូដែល iPhone 12 ដែលបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជាង ៣ឆ្នាំនេះបានផ្តល់ផលប៉ះពាល់ខ្ពស់ដល់អ្នកប្រើប្រាស់។ បញ្ហានោះគឺ iPhone 12 បានបញ្ចេញថាមពលលើសកម្រិតរហូតដល់ ៥.៧៤វ៉ាត់ក្នុងមួយគីឡូក្រាមនៅពេលដែលស្មាតហ្វូននេះត្រូវបានដាក់ក្នុងហោប៉ៅ ដែលជាស្តង់ដារសហភាពអឺរ៉ុបសម្រាប់រង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្មគឺកំណត់ត្រឹមតែ ៤.០វ៉ាត់ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពី ANFR បានអះអាងថា អាជ្ញាធរបារាំងបានយល់ព្រមលើការធ្វើបច្ចុប្បន្នភាពសហ្វវែលរបស់ Apple ទៅកំណែ 4.06.02 នៅលើ iPhone 12 ដែលត្រូវបានធ្វើតេស្តសាកល្បងដោយទីភ្នាក់បារាំង នឹងត្រូវបានគេរកឃើញថា អាចបន្ថយកម្រិតសាយភាយនៃអត្រាហ្រេ្វកង់ស៍វិទ្យុចុះមកនៅសល់ត្រឹមតែ ៣.៩៤វ៉ាត់ ក្នុងមួយគីឡូក្រាមប៉ុណ្ណោះនៅពេលដាក់ចូលទៅក្នុងហោប៉ៅ។

ដូច្នេះមានន័យថា ការអនុម័តចុងក្រោយពីអាជ្ញាធរបារាំងនេះ គឺក្រុមហ៊ុន Apple អាចធ្វើការដាក់លក់ iPhone 12 បានហើយ ដោយគ្រាន់តែបញ្ចេញការធ្វើបច្ចប្បន្នភាពសុវត្ថិភាព ឬ Software Update ដល់អ្នកប្រើប្រាស់នូវទូទាំងប្រទេសបារាំងជាការស្រេច៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



Share This Post: