ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន សន្យាថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលអ៊ុយក្រែនទេ ទោះកំពុងមានវិបត្តិកញ្ចប់ថវិកាក៏ដោយ

BY
Khmerpress
October 2, 2023
លោក ចូ បៃដិន សន្យាថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលអ៊ុយក្រែនទេ ទោះកំពុងមានវិបត្តិកញ្ចប់ថវិកាក៏ដោយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះជាកំពុង ប្រឈមមុខនឹងវិបត្តិថវិកាសហព័ន្ធ ឬ Shutdown ក៏ដោយ ជាមួយការជំរុញឱ្យគណបក្សសាធារណរដ្ឋបញ្ឈប់ការលេងហ្គេម ពាក់ព័ន្ធនឹង កញ្ចប់ថវិកា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសថ្លែងសុន្ទរកថាចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ធ្វើការធានាដល់សម្ព័ន្ធមិត្តរបស់យើង ប្រជាជនអាមេរិក និងប្រជាជន នៅក្នុងប្រទេសអ៊ុយក្រែនថាអ្នកទាំងអស់គ្នាអាចពឹងផ្អែកលើការគាំទ្ររបស់យើង»។ តែលោកក៏បានទទួលស្គាល់ដែរថាបច្ចុប្បន្នគឺជាពេលបន្ទាន់ ដែលសភាត្រូវតែអនុម័តកញ្ចប់ថវិកាថ្មីមួយសម្រាប់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ ខណៈទីក្រុងកៀវកំពុងធ្វើប្រតិបត្តិការវាយបក ដើម្បីដណ្ដើមទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់មកវិញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងមួយស្ដីពីកញ្ចប់ថវិកាបណ្ដោះអាសន្ន អនុម័តដោយសភាអាមេរិក បញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ មិនមានកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ ដែលនេះជាផ្នែកមួយនៃការសម្រុះសម្រួលគ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដើម្បីអាចឱ្យរដ្ឋាភិបាលអាចបន្តដំណើរការរហូតដល់ខែវិច្ឆិកា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: