សង្គម

កីឡាការិនី ស្រួង ភាវី ទទួលបានពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ ពីរដ្ឋាភិបាលកូរ៉េ

BY
Khmerpress
October 6, 2023
កីឡាការិនី ស្រួង ភាវី ទទួលបានពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ ពីរដ្ឋាភិបាលកូរ៉េ

(ភ្នំពេញ)៖ កីឡាការិនីប៊ីយ៉ា-ស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បានទទួលពានរង្វាន់ដ៏មានតម្លៃពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េទៀតហើយ បន្ទាប់ពីកូនខ្មែររូបនេះ ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមម្នាក់ ក្នុងចំណោម ៦នាក់ ឲ្យទទួលពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ របស់កូរ៉េ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ។

យោងតាមបណ្ដាញសង្គមផ្លូវការរបស់លោកស្រីបានបញ្ជាក់ថា សម្រាប់អ្នកដែលទទួលបានពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ គឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការ ដែលមានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឲ្យជាតិរីកចម្រើន ព្រមទាំងបានលើកកិត្យានុភាពជាតិឲ្យមានភាពល្បីល្បាញថែមទៀត ។ ភាវី ថា «សម្រាប់រូបនាងខ្ញុំ បានលើកកិត្យានុភាពជាតិទាំងពីរ ជាតិកំណើត(កម្ពុជា) និងជាតិស្នាក់អាស្រ័យ(កូរ៉េខាងត្បូង)» ។

ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ដដែលបន្ដថា ចំពោះពានរង្វាន់ ដែលផ្ដល់ពីក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ គឺជាបុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការដែលជាប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ លោកស្រីថា «ការទទួលស្គាល់នេះ គឺតំណាងឲ្យជាតិខ្មែរទាំងមូល ព្រោះ ស្រួង ភាវី ម្នាក់នេះ គឺជាកូនរបស់កម្ពុជា ហើយអាស្រ័យនៅទឹកដីកូរ៉េ កសាងមុខមាត់ កិត្តិយស កេរ្ដិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា» ។

កីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ បានសម្ដែងអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានពោលថា «កូនស្រីកម្ពុជាម្នាក់នេះពិតជារំភើបក្រៃលែង ដែលមានភព្វសំណាងទទួលបាននូវកិត្តិយសដ៏ថ្លៃថ្លាមួយនេះ ហើយបានចូលរួមទទួលនូវពានរង្វាន់ដ៏មហាកិត្តិយសនេះ ជាមួយបុគ្គលគំរូ អស្ចារ្យ ល្បីៗ ដែលពួកគាត់សុទ្ធសឹងជាអ្នកកសាងជាតិ ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកអភិបាលឃុំគ្រងប្រទេសជាតិ និងប្រជាជន ហើយជាអ្នកលើកមុខមាត់ប្រទេសជាតិ កិត្យានុភាពជាតិ ឲ្យពិភពលោកបានស្គាល់ថែមទៀតផង» ។

ទន្ទឹមជាមួយការទទួលពានរង្វាន់ដ៏មានតម្លៃពីរដ្ឋាភិបាលកូរ៉េនេះ ស្រួង ភាវី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលតែងផ្ដល់កិត្តិយសដល់ខ្លួន ដោយសេចក្ដីគោរពស្រលាញ់ផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: