ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់បានបាត់បង់ជីវិត នៅប្រទេសអ៊ីស្រាអែល និងតំបន់ Gaza ក្រោយការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas

BY
Nisaiy KP
October 8, 2023
មនុស្សរាប់រយនាក់បានបាត់បង់ជីវិត នៅប្រទេសអ៊ីស្រាអែល និងតំបន់ Gaza ក្រោយការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas

(ហ្សេរុយសាឡឹម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថា មនុស្សយ៉ាងហោចជាង២០០នាក់បានស្លាប់ ក្នុងការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញា​នឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញ ដោយនឹងកម្ទេចកន្លែងលាក់ខ្លួននានារបស់ក្រុម Hamas នៅតំបន់ Gaza Strip ឱ្យក្លាយទៅជា​ផេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។


រីឯខាងក្រុមមន្រ្តីនៅ Gaza វិញ បានអះអាងថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើតំបន់របស់ខ្លួន ក៏បានផ្តាច់ជីវិតមនុស្ស​យ៉ាងតិច២៣២នាក់ផងដែរ ខណៈជិត១,៧០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុម Hamas បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយ​បញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារអ៉ីស្រាអែលដោយផ្ទាល់ ព្រមទាំងចាប់មនុស្សជាច្រើនយកធ្វើជាចំណាប់ខ្មាំង។ វាគឺជាការកើនឡើងភាពតានតឹងដ៏បង្អូរឈាមបំផុត នៃបញ្ហាវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន គិតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា ក្រុមលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហាររបស់ក្រុម Hamas ហើយគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។ នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខរបស់​អង្គការសហប្រជាជាតិ នឹងកោះប្រជុំគ្នាបន្ទាន់ ដើម្បីជជែកអំពីស្ថានការណ៍ខាងលើ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: