ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខណ្ឌដង្កោ, សមត្ថកិច្ចប្រើប្រាស់ឡានទឹក​១០គ្រឿង ដើម្បីអន្ដរាគមន៍

BY
Khmerpress
October 31, 2023
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខណ្ឌដង្កោ, សមត្ថកិច្ចប្រើប្រាស់ឡានទឹក​១០គ្រឿង ដើម្បីអន្ដរាគមន៍

(ភ្នំពេញ)៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យការភ្ញាក់ផ្អើល នៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគោលដៅសាលាខណ្ឌដង្កោ និងគោលដៅមុខវត្តបុទុមវត្តី ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មេីនឹង១២ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន១គ្រឿង​ ប្រេីប្រាស់ទឹកអស់១ឡាន​ ស្មេីនឹង៦ម៉ែត្រគូប​ និងរថយន្តព្រលានយន្តហោះ ចំនួន៦គ្រឿង​ ប្រេីប្រាស់ទឹកអស់១ឡាន​ ស្មេីនឹង២០ម៉ែត្រគូប​។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ឈើលើថ្មក្រោម​ ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ បានឆេះផ្ទះមួយខ្នងអស់ទាំងស្រុង​ និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ​ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: