ព័ត៌មានជាតិ

គិតត្រឹមខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១ ២១២លានដុល្លារហើយ សម្រាប់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩

BY
Khmerpress
November 1, 2023
គិតត្រឹមខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១ ២១២លានដុល្លារហើយ សម្រាប់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា គិតចាប់តាំងពីពេលដាក់ឱ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារអាមេរិកហើយ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។

កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ បានជួយសម្រួលជីវភាពគ្រួសារពលរដ្ឋមានបណ្ណសមធម៌ ទាំងនៅទីប្រជុំជន និងទីជនបទទូទាំងប្រទេស។

សូមជម្រាបថា ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការជាផ្លូវការជាផ្លូវការនូវកម្មវិធីឧត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលពេលនោះមានគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៥៣០ ៨៣៨គ្រួសារស្មើនឹង ២ ១៥៣ ១១៤ នាក់ប៉ុណ្ណោះ ត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីទទួលប្រាក់ឧបត្ថម្ភ។

ជាវឌ្ឍនភាព គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីនេះបានដំណើរការអស់រយៈពេល ៤០ខែរួចមកហើយ ដោយក្នុងខែចុងក្រោយនេះ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៩៨៥៨៥គ្រួសារ ឬស្មើនឹង ២ ៧៥៣ ១៣១នាក់ ក្នុងនោះរួមមានកុមារអាយុពី០-៥ឆ្នាំ ១០៩ ៥៤៥នាក់, ជនមានពិការភាព ៥៩ ៩៩៦នាក់, មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ៣៨២ ៤០៤នាក់ និងគ្រួសារដែលផ្ទុកជំងឺអេដស៍ ២ ០២៥គ្រួសារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ កំពុងបន្តអនុវត្តនៅឡើយរហូតដល់ដំណាច់ឆ្នាំ២០២៣ ទើបមានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីឧបត្ថម្ភផ្សេងៗទៀត ដូចជាកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ (បានបិទបញ្ចប់), កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា (បានបិទបញ្ចប់), កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ (កំពុងបន្តអនុវត្ត), និងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រី នៅពេលសម្រាលកូន (កំពុងបន្តអនុវត្ត)៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: