ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកល្បែងលក្ខណៈកាស៉ីណូខុសច្បាប់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ឃាត់ខ្លួនមនុស្ស៨៣នាក់ មានខ្មែរ ចិន និងវៀតណាម

BY
Khmerpress
November 1, 2023
កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកល្បែងលក្ខណៈកាស៉ីណូខុសច្បាប់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ឃាត់ខ្លួនមនុស្ស៨៣នាក់ មានខ្មែរ ចិន និងវៀតណាម

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកល្បែងកាស៉ីណូខុសច្បាប់មួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រតិបត្តិការត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធលបលួចបើកដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់លក្ខណៈកាស៊ីណូ (ដោយគ្មានច្បាប់អនុញ្ញាត) នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីតាំងឈ្មោះ «ការកម្សាន្តក្រោន (Crown Entertainment)» ផ្លូវ៧៨​ ក្រុម៧៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធនីភ្នំពេញ​ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៨៣នាក់ ស្រី៥៨នាក់ (ជនជាតិចិន១១នាក់ ស្រី០៤នាក់​ និងជនជាតិវៀតណាម ០២នាក់ ស្រី០១នាក់​)​។

ក្នុងសមត្ថកិច្ចដកហូតបាន ទូរហ្គេមកំសាន្ត ចំនួន១ទូរ, ទូរហ្គេមបាញ់ត្រីដៃដប់ ចំនួន៣ទូរ, តុបៀបាការ៉ាត់ ចំនួន២តុ, តុបៀនីវនីវ ចំនួន៨តុ, តុរ៉ូឡែតដៃ ចំនួន១តុ និង តុ POKER ចំនួន១តុ។ ដោយទីតាំងខាងលើបានត្រូវផ្តាច់ចរន្តអគ្គិសនី ដូចនេះ កម្លាំងចម្រុះសម្រេចនាំយកមនុស្សទាំង៨៣នាក់ខាងលេី ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្មជាបណ្តោះអាសន្ន។ ដោយឡែកចំពោះសម្ភារវត្ថុតាង ក្រុមការងារសម្រេចបន្តនិតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: