ព័ត៌មានជាតិ

អបអរសាទរ! កម្ពុជាឈ្នះមេដាយប្រាក់ ១គ្រឿងទៀត នៃការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

BY
Khmerpress
November 1, 2023
អបអរសាទរ! កម្ពុជាឈ្នះមេដាយប្រាក់ ១គ្រឿងទៀត នៃការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងទៀតហើយ ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ លើវិញ្ញាសាក្រុមចម្រុះ(Mixed Team) នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្រាប់ជំនួបកាត់សេចក្ដី លើវិញ្ញាសាក្រុមចម្រុះអាយុក្រោម ១៧ឆ្នាំនេះ ក្រុមមីយ៉ាន់ម៉ា បានយកឈ្នះម្ចាស់ផ្ទះ ៣ប្រកួតមុន លើវិញ្ញាសាចម្រុះបុរស-នារី និងឯកត្តជនបុរស-នារី ។ ទោះបីអស់ឱកាសដណ្ដើមមេដាយមាស តែក្រុមកីឡាករ-កីឡាការិនីកម្ពុជា នៅតែព្យាយាម រហូតយកឈ្នះក្រុមមីយ៉ាន់ម៉ា ២ប្រកួតជាប់គ្នាវិញ លើវិញ្ញាសាវាយគូបុរស និងវាយគូនារី ។ លទ្ធផលនេះ បានទទួលការសាទរជាខ្លាំងពីថ្នាក់ដឹកនាំ និងអ្នកទស្សនាផ្ទាល់នៅទីនោះ ។

ក្រោយពិធីបំពាក់មេដាយ លោក លី កុសល រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា ទោះបីទើបធ្វើការប្រមូលផ្ដុំ តែកីឡាករ-កីឡាការិនីខ្លះ មានបញ្ហារបួស តែពួកគេស៊ូខំប្រឹង រហូតដល់ចប់ការប្រកួត ជាមួយការវាយបកឈ្នះ ២ប្រកួតជាប់គ្នាថែមទៀត ។ លោកថា សមិទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់វិស័យកីឡាវាយសីកម្ពុជា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់នេះ មានប្រតិភូ និងអត្ដពលិក ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ដែលធ្វើការប្រកួតពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បច្ចុប្បន្នក្រុមមីយ៉ាន់ម៉ា កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ដោយឈ្នះមេដាយមាស ២ ខណៈកម្ពុជា ឈរលេខ២ ឈ្នះមេដាយប្រាក់ ២ និងទីម័រខាងកើត ឈរលេខ៣ ឈ្នះមេដាយសំរឹទ្ធ ២ ខណៈការប្រកួតនៅសល់វិញ្ញាសាជាច្រើនទៀត ដូចជាវិញ្ញាសាវាយគូបុរស-នារី វាយគូចម្រុះ និងឯកត្ដជនបុរស-នារី ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: