ព័ត៌មានជាតិ

ស្រ្តីគ្រូទាយ និងព្យាបាលជំងឺម្នាក់នៅខេត្តក្រចេះ ដែលយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះ ថតបង្ហោះក្នុងបណ្ដាញសង្គម ត្រូវបានអាជ្ញាធរឲ្យបញ្ឈប់សកម្មភាព

BY
Khmerpress
November 1, 2023
ស្រ្តីគ្រូទាយ និងព្យាបាលជំងឺម្នាក់នៅខេត្តក្រចេះ ដែលយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះ ថតបង្ហោះក្នុងបណ្ដាញសង្គម ត្រូវបានអាជ្ញាធរឲ្យបញ្ឈប់សកម្មភាព

(ក្រចេះ)៖ អាជ្ញាធរក្រុងក្រចេះ រួមនឹងមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងព្រះមេគណខេត្ត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចុះអប់រំស្រ្តីគ្រូទាយ មើលជោគវាសនា និងមើលជំងឺ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ក្រោយពីគ្រូទាយរូបនោះ បានយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះ រួចថតបង្ហោះក្នុងបណ្ដាញសង្គម កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ធ្វើឲ្យមហារជនរិះគន់ជាច្រើន។

ក្រោយពីផ្ទុះការរិះគន់ អាជ្ញាធរ និងមន្ទីរធម្មការ និងសាសនាខេត្ត បានចុះទៅអប់រំគ្រូទាយម្នាក់នោះ ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ លោក ស៊ូ សែ ប្រធានមន្ទីធម្មការ និងសាសនាខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា លោកបានចុះទៅដល់កន្លែង ហើយអ្វីដែលក្រុមការងារត្រូវឲ្យគ្រូទាយរូបនោះមាន ៣ចំណុច រូមមាន៖

*ទី១៖ សូមឲ្យលុបចេញនូវវីដេអូឃ្លីបដែលខ្លួនបានបង្ហោះ ការស្លៀកពាក់ស្បង់ចីវរព្រះសង្ឃនោះ ចេញពីបណ្ដាញសង្គមវិញ។
*ទី២៖ សុំដកយកស្បង់ចីវរព្រះសង្ឃមករក្សាទុកនៅព្រះចៅអធិការវត្តអូរឬស្សី។
*ទី៣៖ មិនអនុញ្ញាតឱ្យស្លៀកពាក់ស្បង់ចីវរព្រះសង្ឃបែបនេះទៀតនៅពេលក្រោយទេ។ បើសិនជាមិនអនុវត្តតាមកិច្ចសន្យាទាំងបីចំណុចនេះទេ លោកនឹងមានវិធានការច្បាប់ផ្សេងទៀត។

លោកបញ្ជាក់ទៀតថា ទាំង៣ចំណុចខាងលើ ដែលក្រុមការងារបានដាក់ឲ្យគ្រូទាយរូបនោះ គាត់បានយល់ព្រមអនុវត្តតាម។ គ្រូទាយមើលជោគវាសនា និងព្យាបាលជំងឺ មានឈ្មោះ សុខ នី បានធ្វើកិច្ចសន្យា ដូចតទៅ «ថ្ងៃក្រោយនាងខ្ញុំឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀតហើយ។ បើពេលក្រោយនាងខ្ញុំ នៅហ៊ានធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: