ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនខ្ចីគេរហូតវ័ណ្ឌកឡើយ ហើយខ្ចីដើម្បីបម្រើសេដ្ឋកិច្ច មិនមែនខ្ចីទិញរថយន្ត និងយន្តហោះទេ

BY
Khmerpress
November 2, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនខ្ចីគេរហូតវ័ណ្ឌកឡើយ ហើយខ្ចីដើម្បីបម្រើសេដ្ឋកិច្ច មិនមែនខ្ចីទិញរថយន្ត និងយន្តហោះទេ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។

សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុនគេថា ឲ្យតែសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ ហើយគេជេរមិនចេះចប់ និងរិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា អ្នកដែលជេរសម្តេចរឿងខ្ចីលុយ ស្ពានធ្វើហើយក៏ឆ្លងដែរ។

សម្តេចធិបតី បានបន្តថា អ្នកដែលជេរសម្តេចតេជោ ហ៊ុន សែន ទៅទាក់ទងតែវិនិយោគិនចិន ហើយឥលូវជេរដល់សម្តេចធិបតីទៀត ដែលថាទាក់ទងតែវិនិយោគិនចិន នាំឲ្យបាត់អធិបតេយ្យភាពអស់ហើយ តែដល់ពេលចិនមកបើករោងចក្រ ខ្លះឲ្យកូនចៅទៅធ្វើការឲ្យចិន និងបានប្រាក់ខែដែរ។

«ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ។ ហើយយើងក៏គ្មានទៅខ្ចីបំណុល រហូតដល់ជំពាក់គេវ័ណ្ឌកដែរ។ លើពិភពលោក តិចបំផុតដែលថាប្រទេសអត់មានបំណុល។ ប្រទេសខ្លះអត់មានបំណុល ក៏ចេញបំណុលខ្ចីប្រជាពលរដ្ឋខ្លួនឯងដែរ។ ជប៉ុន អាមេរិក និងបារាំង (ខ្ចីគេ) ដូចតែគ្នាទេ ដើម្បីការវិនិយោគ។ ប៉ុន្តែ វិនិយោគដើម្បីទទួលខុសត្រូវ មិនមែនយកលុយមក ដើម្បីទិញឡាន ដើម្បីទិញកប៉ាល់ហោះ ដើម្បីទិញអ្វីអត់បម្រើការនោះទេ គឺយើងយកលុយមកដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើឲ្យសេដ្ឋកិច្ច បម្រើឲ្យជាតិរបស់យើង»។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

កម្ពុជាមានបំណុលសាធារណៈសរុប ១០,២៧ពាន់លានដុល្លារ ដែលទំហំបំណុលនេះ គឺគិតមកទល់ត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះកម្ពុជាជំពាក់បំណុលបរទេសមានដល់ ១០,២៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម ៤២,៤៥លានដុល្លារ។

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានាបច្ចុប្បន្ន ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មធិការគ្រប់គ្រងបំណុលសាធារណៈ វាយតម្លៃថា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរាលដាលនៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: