ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ

BY
Khmerpress
November 2, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទម្លាយថា អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ។

ការទម្លាញឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ មិនត្រឹមតែចូលរៀនអត់បង់លុយនោះទេ ហើយចំពោះអ្នកចូលរៀនពេញម៉ោង នឹងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀល ក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញទៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបន្ដផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ឲ្យបានគ្រប់ខេត្ដ-ក្រុង ហើយត្រូវរៀបចំនីតិវិធី នៃចុះឈ្មោះចូលរៀន ឲ្យមានភាពងាយស្រួលបំផុត ជូនដល់បងប្អូនដែលចង់ចុះឈ្មោះរៀន។

បើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានចំនួន១០វិស័យ ស្មើនឹង៣៨ជំនាញ។

គូសបញ្ជាក់ថា នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣នេះ ចំនួន ៦ចំណុច សម្រាប់ជាប្រយោជន៍ ដល់កម្មករនិយោជិត ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: