ព័ត៌មានជាតិ

ព្រះវនវាសី ចន្ទមុនី បានបរិច្ចាគថវិកាចំនួន ៨លានរៀល ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ប្រចាំខេត្តសៀមរាប

BY
Khmerpress
November 2, 2023
ព្រះវនវាសី ចន្ទមុនី បានបរិច្ចាគថវិកាចំនួន ៨លានរៀល ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ប្រចាំខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះវនវាសី ចន្ទមុនី បានបរិច្ចាគថវិកាចំនួន ៨លានរៀល ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ប្រចាំខេត្តសៀមរាប។​

តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររាប់រៀបយ៉ាងដូច្នេះថា៖ « នាថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ប្រចាំខេត្តសៀមរាប សូមថ្វាយបង្គំ ថ្លែងអំណរព្រះគុណ ប្រគេនចំពោះព្រះវនវាសី ចន្ទមុនី ដែលមានព្រះទ័យមហាករុណាបានបរិច្ចាគ ថវិកាចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល) ដើម្បីឧបត្ថម្ភដំណើរការ ប្រតិបត្តិការរបស់មន្ទីរពេទ្យ ក្នុងការសង្រ្គោះស្រ្តីមានផ្ទៃពោះ និងកុមារ កម្ពុជា ឱ្យបានជាសះស្បើយពីជំងឺរោគានានា និងការសម្រាល (ប្រសូតបុត្រ) ប្រកបដោយសុវត្ថិភាព។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាក្នុងសែនកោដិចក្រវាឡ សូមប្រោសប្រទានស័ព្ទសាធុការពរជ័យប្រគេនចំពោះ ព្រះធម្មវនវាសី សូមបានព្រះសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ព្រះប្រាជ្ញាឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដល់សិស្សគណ និងពុទ្ធបរិស័ទទាំងឡាយ តរៀងទៅ សូមអរព្រះគុណ និង អរគុណ ៕ ប្រភព៖ Dr. Beat Richner

Share This Post: