ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាដល់ការប្រឡងបាក់ឌុប ឲ្យប្រព្រឹត្តទៅដោយរលូន, ការផ្ញើកង់ម៉ូតូ រដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញលុយ

BY
Khmerpress
November 3, 2023
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាដល់ការប្រឡងបាក់ឌុប ឲ្យប្រព្រឹត្តទៅដោយរលូន, ការផ្ញើកង់ម៉ូតូ រដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញលុយ

(ភ្នំពេញ)៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦-០៧ ខែវិច្ឆិកាឆ្នាំ២០២៤នេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យកម្លាំងសមត្ដកិច្ចទាំងអស់ ពិសេសកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាក់កម្លាំងសម្រួលចរាចរណ៍ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការធានាដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា។

នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងតំណាងក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង១៤ខណ្ឌ។

លោក កើត ឆែ បានធ្វើការណែនាំឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រលងទាំងអស់ ធ្វើយ៉ាងណាកុំឲ្យមានភាពឆក់ល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌ ត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រលងណា ដែលមានប្រជាពលរដ្ឋស្នាក់នៅក្នុងសាលា និងណែនាំទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះ នៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោក កើត ឆែ បានណែនាំមិនឲ្យយកប្រាក់ឡើយ នៅពេលប្រលង២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចេញ។ សម្រាប់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺផ្អាកការដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដើម្បីសម្រួលសារាចរណ៍ ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលា។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧,៤១២នាក់ កើនឡើងជាងឆ្នាំមុន (៩,២៧៧នាក់) ស្រី៧៣,២៧៨នាក់ ចែកជា ២២៧មណ្ឌលត្រូវជា ៥,៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៦,០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡង នៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩,៥២៥នាក់ ក្នុងនោះ មកពីថ្នាក់ក្រសួង ចំនួន៤,១២៦នាក់ និងមកពីថ្នាក់រាជធានី-ខេត្ត ចំនួន២៥,៣៩៩នាក់។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ មានមណ្ឌលប្រឡង ចំនួន៣១មណ្ឌល និងមានបេក្ខជន ចំនួន២៥,៨៣៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: