ព័ត៌មានជាតិ

កម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង នៃព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

BY
Khmerpress
November 3, 2023
កម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង នៃព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅកម្ពុជាបានបញ្ចប់ហើយ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ដោយក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧)។

ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសី ព្រមទាំងប្រតិភូ និងអត្តពលិកទាំង ៥ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។

សរុបលទ្ធផលក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃនៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមអត្តពលិកមីយ៉ាន់ម៉ា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៧គ្រឿង (មាស ១១ ប្រាក់ ៤ និងសំរឹទ្ធ ២) ខណៈម្ចាស់ផ្ទះកម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស១ ប្រាក់៦ និងសំរឹទ្ធ៧)។ រីឯទីម័រខាងកើត ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (ប្រាក់១ និងសំរឹទ្ធ៩) និងឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់១ និងសំរឹទ្ធ៣)។

ក្រោយបញ្ចប់ការប្រកួតលោក Kim Jong Soo បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រកួត ពិសេសហព័ន្ធកីឡាវាយសីកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហាញសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមការប្រកួតជើងឯកយុវជនថ្នាក់តំបន់ នៅទីក្រុងប្រវត្តិសាស្ដ្រ នៃរាជធានីភ្នំពេញនេះផងដែរ។

លោកថា «ខ្ញុំសង្ឃឹមនៅពេលអនាគត ទេពកោសល្យអត្តពលិកវ័យក្មេងមកពីប្រទេសកំពុងអភិវឌ្ឍន៍នឹងអាចបង្កើនជំនាញរបស់ពួកគេ តាមរយៈមិត្តភាព ការប្រកួតប្រជែង និងកីឡា។ កម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើកីឡាវាយសី។ ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចបន្ដគាំទ្រវិស័យកីឡានេះជាមួយគ្នា»

ជាមួយគ្នា លោក លី កុសល បានបង្ហាញពីភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ ក៏ដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្រោមការដឹកនាំត្រឹមត្រូវរបស់សម្ដេចនាយករដ្ឋមន្ដ្រី។ ក្នុងនាមសហព័ន្ធ លោកបានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ និងខំប្រឹងរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យតាមការគ្រោងទុក។

លោកថា «ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាការចងចាំ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រតិភូ អត្តពលិក និងទស្សនិកជនទាំងអស់ ដែលបានចូលរួមទស្សនាផ្ទាល់។ អត្តពលិកទាំងអស់ បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមុះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា ដែលបានចូលរួមប្រកួតទាំង ៦វិញ្ញាសា សម្រាប់កីឡាករ-កីឡាការិនីអាយុក្រោម ១៥ឆ្នាំ និង ១៧ឆ្នាំ»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ BA Sea Regional Junior Championship លើកដំបូងនៅកម្ពុជា ត្រូវបានសហព័ន្ធកីឡាវាយសីអាស៊ី អនុញ្ញាតឲ្យរៀបចំ បន្ទាប់ពីមើលឃើញភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ។ ការប្រកួតនេះ បានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: