ព័ត៌មានជាតិ

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ចាប់ផ្តើមធ្វើដំណើរចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច ឡើងវិញ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

BY
Khmerpress
November 4, 2023
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ចាប់ផ្តើមធ្វើដំណើរចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច ឡើងវិញ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(សៀមរាប)៖ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ រួមទាំងបងប្អូនជាពលរដ្ឋបានចាប់ផ្តើម ធ្វើដំណើរចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច ឡើងវិញ បន្ទាប់ពីស្ពាននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញនូវក្តីរីករាយ និងនឹករលឹកជាខ្លាំងបន្ទាប់ពីបានប្រើប្រាស់ឡើងវិញ នូវស្ពានហាលខាងលិច បន្ទាប់ពីខកខានអស់រយៈពេល៧ឆ្នាំ ដើម្បីធ្វើការជួសជុល។

សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រើជាច្រក​ចូលសម្រាប់​ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ប្រើសម្រាប់ជាច្រក​ចេញ​៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: