ព័ត៌មានជាតិ

កម្ពុជាត្រៀមខ្លួនទទួលវិនិយោគថ្មីបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់

BY
Khmerpress
November 4, 2023
កម្ពុជាត្រៀមខ្លួនទទួលវិនិយោគថ្មីបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់

(ប៉េកាំង,​ ចិន)​៖ លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានគូសរំលេចថា កម្ពុជាត្រៀមទទួលអ្នកវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសអ្នកវិនិយោគចិន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់។

លោកស្រី បានគូសបញ្ជាក់បែបនេះ ពេលអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុង «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៣៖ រួមគ្នាពង្រឹងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ អ្នកបង្កើតគោលនយោបាយ ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងវប្បធម៌ ការទូត ទេសចរណ៍ សេដ្ឋកិច្ច-សង្គម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន លើវិស័យពាក់ព័ន្ធនានា រួមទាំងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ក្នុងឱកាសខួបលើកទី៦៥​ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន និងខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។​

លោកស្រី ហ៊ឹម សុធារ័ត្ន បានថ្លែងពីចំណង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន ដែលស្តែងចេញ ពីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នានា រួមមាន កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ, កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបាននាំមកនូវការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គមជាបន្តបន្ទាប់នៅកម្ពុជា។

លោកស្រី ក៏បានលើកឡើងពីចក្ខុវិស័យ និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដោយផ្អែកលើ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ពិសេសភារកិច្ចរបស់ក្រសួងការងារកម្ពុជា ដែលជាអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យក្រសួងសម្រេចឱ្យបាននូវការងារអាទិភាពចំនួន ៦ ក្នុងឆ្នាំ២០២៣ និងការងារអាទិភាពចំនួន ៤ទៀត ក្នុងរយៈពេល២ឆ្នាំទៅមុខ។​ ក្នុងចំណោមការងារទាំង ១០ចំណុចខាងលើ ក្រសួងកំពុងប្រតិបត្តិការយ៉ាងសកម្មទៅលើ (១) វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និង (២) ការបង្កើតទារកដ្ឋាន​ និងមត្តេយ្យសហគមន៍ នៅតាមតំបន់ក្បែររោងចក្រ សហគ្រាស។

លោកស្រី បានលើកឡើងថា ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ-១៩ និងគោលដៅក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពិតជាមានសារៈសំខាន់ណាស់ ពោលគឺ (១) អាចបង្រៀនយុវជនទាំងនោះចេះរកត្រីដោយខ្លួនឯង តាមរយៈការផ្តល់ជំនាញមួយច្បាស់លាស់ ដែលអាចឱ្យពួកគាត់អាចប្រកួតប្រជែងក្នុងតម្រូវការទីផ្សារការងារបច្ចុប្បន្ន (២) ប្រសិនបើយុវជនគ្រួសារទាំងនោះមានការងារធ្វើ គឺអាចជួយឱ្យគ្រួសារទាំងមូលចាកចេញពីបន្ទាត់ក្រីក្រក្នុងរយៈពេលខ្លី និង (៣) ផ្តល់នូវធនធានមនុស្សដែលជំនាញគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រោងចក្រ/សហគ្រាសក្នុងស្រុក ក៏ដូចជាវិនិយោគបរទេសថ្មីៗ ដែលគ្រោងនឹងមកវិនិយោគនៅកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្ដាលនេះ អាចសបញ្ជាក់ឱ្យឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការផ្តត់ផ្គង់ធនធានមនុស្ស ស្របទៅតាមតម្រូវការទីផ្សារជាក់ស្តែង និងសង្ឃឹមថាអាចទាក់ទាញវិនិយោគធំៗពីបរទេសមកកម្ពុជាបាន។ ទន្ទឹមនឹងនេះ លោកស្រី សង្ឃឹមថា វិនិយោគធំៗរបស់ចិន អាចនឹងពិចារណាដាក់វិនិយោគបន្ថែមនៅកម្ពុជា និងស្នើឱ្យម្ចាស់រោងចក្រ/សហគ្រាសដែលកំពុងមានវត្តមាននៅកម្ពុជា ផ្តល់ឱកាស internship ទៅដល់យុវជនទាំងនោះ អំឡុងពេលកំពុងសិក្សា ឬក្រោយបញ្ចប់វគ្គសិក្សា ដើម្បីអាចឱ្យយុវជនទាំងនោះបានអនុវត្តផ្ទាល់នូវទ្រឹស្តីដែលខ្លួនរៀន និងដើម្បីពង្រឹងចំណេះជំនាញ និងបង្កើនផលិតភាពការងាររបស់រោងចក្រ/សហគ្រាសផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: