ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យផ្អាកអាជីវកម្មមួយចំនួនបណ្តោះអាសន្ន ដែលបើកនៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ រយៈពេល២ថ្ងៃ

BY
Khmerpress
November 4, 2023
រដ្ឋបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យផ្អាកអាជីវកម្មមួយចំនួនបណ្តោះអាសន្ន ដែលបើកនៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ រយៈពេល២ថ្ងៃ

(កំពង់ស្ពឺ)៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតចូលមកដល់, រដ្ឋបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួន ដែលបើកនៅជុំវិញមណ្ឌល ប្រឡងឱ្យផ្អាកបណ្តោះអាសន្នរយៈពេល ២ថ្ងៃ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញ មណ្ឌលប្រឡងទាំង១១មណ្ឌល ក្នុងខេត្តកំពង់ស្ពឺ, រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖

*ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់ សម្ភារសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
*ទី២៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
*ទី៣៖ ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្ដីអនុគ្រោះ ហើយក្រោយការបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្ម ជាធម្មតាឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: