ព័ត៌មានជាតិ

ខេត្តកែប និងខេត្តយូណាន​ នឹងបង្កើតសម្ព័ន្ធមេត្រីភាពជាមួយគ្នា

BY
Nisaiy KP
November 5, 2023
ខេត្តកែប និងខេត្តយូណាន​ នឹងបង្កើតសម្ព័ន្ធមេត្រីភាពជាមួយគ្នា

(កែប)៖ ទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ប្រតិភូចិន ដឹកនាំដោយលោក ស៊ឺ ឈិញហឺ អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងលីនឆាង នៃខេត្តយូណាន​ សាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តកែប ដែលដឹកនាំដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។


ជំនួបរវាងរដ្ឋបាលខេត្តកែប និងប្រតិភូចិន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប។ តាមខ្លឹមសារលិខិតស្នើសុំបង្កើតទំនាក់ទំនងមេត្រីភាពរវាងទីក្រុងលីនឆាង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប ភាគីទាំងពីរបានលើកយកនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងលីនឆាង សំដៅលើការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរ តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាព ទីក្រុងលីនឆាង នៃខេត្តយូណាន និងខេត្តកែប បានយល់ព្រមបង្កើតទំនាក់ទំនងមេត្រីភាព ដោយឈរលើមូលដ្ឋាននៃសមភាពផលប្រយោជន៍រួម និងការទុកចិត្តគ្នាទៅវិញទៅមក។

ភាគីទាំងពីរព្រមព្រៀងគ្នាជំរុញការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងទីក្រុងទាំងពីរក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា សុខភាពសាធារណៈ អប់រំ ទេសចរណ៍ និងធនធានមនុស្ស។ល។

លិខិតនេះធ្វើចំនួន៣ច្បាប់ ជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដែលអត្ថបទនីមួយៗមានខ្លឹមសារដូចគ្នា។លិខិតស្នើសុំនេះមានសុពលភាពក្នុងរយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះហត្ថលេខា ក្រោយពីភាគីនីមួយៗយល់ព្រមអនុម័តតាមនីតិវិធី នៃប្រទេសរបស់ខ្លួន។

ក្រោយជំនួបដ៏សំខាន់នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានអញ្ជើញគណៈប្រតិភូទីក្រុងលីនឆាងសិក្សាស្វែងយល់បន្ថែមពីទីតាំងសំខាន់ៗ ដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, អគារធនធាននៃសាលាវិទ្យាល័យហ៊ុនសែនចំការដូង ដែលទីតាំងទាំងពីរនេះ ប្រតិភូនៃខេត្តទាំងពីរបានទទួលស្តាប់បទបង្ហាញ អំពីដំណើរការ និងសមិទ្ធផលសម្រេចបាន រួមទាំងបញ្ហាប្រឈមមួយចំនួនផងដែរ បន្ទាប់មកប្រតិភូបន្តទៅទស្សនៈកិច្ចនៅចំការត្របែក និងចំការម្រេច​ របស់ប្រជាកសិករនៅភូមិចំកាបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews







Share This Post: