ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីប្រាប់ពិភពលោកពីសមិទ្ធផលសម្រេចបាន លើកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេង

BY
Nisaiy KP
November 5, 2023
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីប្រាប់ពិភពលោកពីសមិទ្ធផលសម្រេចបាន លើកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេង

(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាក់ Gold Award បានថ្លែងចាត់ទុកមហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្ហាញប្រាប់ពិភពលោក អំពីសមិទ្ធផលដែលសមាជិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានក្នុងកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេងនៅទូទាំងពិភពលោក។


ការលើកឡើងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្វើឡើងក្នុងធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «មហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ទាំងសម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងលឺ ពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លងមកលើកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យ អាចកសាងអនាគតរបស់ពួកគេ ទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង»។

លោកជំទាវបណ្ឌិតបានលើកឡើងទៀតថា ទន្ទឹមនឹងការប្រោសព្រះរាជទាន ទំនុកបម្រុងគាំទ្រចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្ម និងតួនាទីរបស់សមាគម ស្របតាមគោលបំណងរបស់ សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្ត ផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំ ក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ដល់ការសិក្សា ឬបំពេញការងាររបស់សមាជិកម្នាក់ៗនោះទេ។ បន្ថែមពីនេះចលនាកាយឫទ្ធិនារី មិនត្រឹមតែ មានគោលដៅផ្តល់ភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតីសាកល្បងចូលរួម សកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews








Share This Post: