សង្គម

អបអរសាទរ! អ្នកនាង ស្រួង ភាវី ឈ្នះពានរង្វាន់ Asia Special Award 2023 នៅប្រទេសកូរ៉េខាងត្បូង និងផ្ញើពាននេះ ជូនដល់ប្រជាជនកម្ពុជា

BY
Khmerpress
November 8, 2023
អបអរសាទរ! អ្នកនាង ស្រួង ភាវី ឈ្នះពានរង្វាន់ Asia Special Award 2023 នៅប្រទេសកូរ៉េខាងត្បូង និងផ្ញើពាននេះ ជូនដល់ប្រជាជនកម្ពុជា

កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានឱ្យដឹងថា អ្នកនាង ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ Asia Special Award 2023 ដែលរៀបចំដោយ Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង​ ដែលជាកម្មវិធីអស្ចារ្យលំដាប់ប្រទេស។

តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ស្រួង ភាវី បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ « សូមជម្រាបពុកម៉ែបងប្អូន នាងខ្ញុំត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ Asia Special Award 2023 ដែលរៀបចំដោយAsia Model Festival នៅថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2023 ពីកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង។»

អ្នកនាង ស្រួង ភាវី បានបន្ថែមថា៖ « ពុកម៉ែបងប្អូនជាទីគោរព សម្រាប់រូបនាងខ្ញុំផ្ទាល់ រាល់ពេលទទួលបានពានរង្វាន់នៅឆាកអន្តរជាតិកន្លងមក នៅពេលគេហៅឈ្មោះ ស្រួង ភាវី ឡើងទៅលើវេទិកាដើម្បីទទួលពានរង្វាន់ អារម្មណ៍នាងខ្ញុំគ្រាន់តែឮ ត្រឹមតែដឹងថាគេបានហៅខ្ញុំហើយ។ ប៉ុន្ដែនៅពេលឮគេហៅថា Cambodia Cambodia ឡើងទៅលើវេទិកា អារម្មណ៍របស់ខ្ញុំពិតជារំភើបប្រកបដោយសេចក្ដីសោមនស្សរីករាយ និងមោទនភាពជាពន់ពេក ។ ព្រោះថាស្រួង ភាវី មកពីប្រទេសកម្ពុជាសូមអញ្ជើញឡើងមកលើវេទិកា គឺក្នុងចិត្តខ្ញុំគិតថាគេកំពុងតែហៅប្រជាជនកម្ពុជាទាំងអស់ឡើងទៅលើវេទិកាដើម្បីទទួលនូវកិត្តិយសដ៏ថ្លៃថ្លាឧត្តុងឧត្តមនៅឆាកអន្តរជាតិ។

ពុកម៉ែបងប្អូន កូនស្រីកម្ពុជាម្នាក់នេះ បានឧទ្ទិសរួចហើយ រាល់សមិទ្ធផលទាំងប៉ុន្មានដែលនាងខ្ញុំសម្រេចបាន គឺខ្ញុំបានដាក់ជារបស់រួមសម្រាប់ប្រជាជនខ្មែរទាំងអស់ និងប្រទេសជាតិទាំងមូល។ ខ្ញុំសង្ឃឹមថារាល់ភាពជោគជ័យដែលកូនខ្មែរទទួលបាន សូមគាំទ្រ ស្រលាញ់ ផ្ដល់តម្លៃ ផ្ដល់កម្លាំងចិត្ត និងលើកស្ទួយដល់ពួកគាត់ ដែលបាន និងកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់ ទម្រាំទទូលបានជោគជ័យដ៏ត្រចះត្រចង់នៅលើឆាកអន្តរជាតិនានា។

ជាចុងបញ្ចប់ នាងខ្ញុំសូមឱ្យប្រជាជនខ្មែរទាំងអស់ចេះស្រឡាញ់គ្នា សាមគ្គីគ្នា មានមេត្តា ករុណាដល់គ្នានិងគ្នា ក្នុងនាមជាឈាមជ័រតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ។ សូមគោរពជូនពរពុកម៉ែបងប្អូនជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ។ សូមអរគុណ !» ប្រភព៖ Sruong Pheavy

Share This Post: